ភ្នំពេញ៖ គេហទំព័រហ្វេសប៊ុករបស់សហព័ន្ធបាល់ទាត់ថៃ នៅព្រឹកថ្ងៃទី១៧ឧសភានេះ បានធ្វើការបង្ហោះសារជាសាធារណៈ ដើម្បីបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះកីឡាករជម្រើសជាតិដែលបានបង្កជាហិង្សាជាមួយនឹងឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃទី១៦ ឧសភា ពេលចប់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។
បើតាមការផ្សាយបន្តផ្ទាល់ក្នុងគេហទំព័រផ្លូវការនៃកម្មវិធីស៊ីហ្គេមកាលពីថ្ងៃ១៦ ឧសភា ឆ្នាំ២០២៣ កន្លងផុតទៅនេះ បានបង្ហាញឱ្យដឹងថា មានការវាយប្រតបគ្នារវាងកីឡាករថៃ និងឥណ្ឌូនេស៊ីក្រោយ ឥណ្ឌូនេស៊ីទទួលបានមេដាយមាស និងយកឈ្នះក្រុមថៃ ដែលជាការបង្កឱ្យមានការចុះផ្សាយជាច្រើនបង្ហាញពីអាកប្បកិរិយាមិនសមរម្យនេះនៅទីលានប្រកួតអន្តរជាតិដ៏ធំបែបនេះ។
មិនបង្អង់យូរ នៅព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣នេះ សមាគមបាល់ទាត់ថៃបានធ្វើការចេញផ្សាយជាផ្លូវការថា បច្ចុប្បន្នសមាគមកំពុងព្យាយាមស្វែងរកឬសគល់នៃបញ្ហានេះនៅពេលដែលកីឡាករ និងគ្រូបង្វឹកបានមកដល់ប្រទេសថៃវិញ ដើម្បីដាក់ទណ្ឌកម្មចំពោះជនដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ដល់ជនជាតិថៃផ្ទាល់។
សហព័ន្ធបាល់ទាត់ថៃបានរៀបរាប់បន្តទៀតថា ខ្លួនពិតជាខកចិត្ត និងការសូមអភ័យទោសជំនួសមុខឱ្យក្រុមកីឡាករដែលបង្ករឿង ដែលមានហេតុការណ៍បែបនេះបានកើតឡើងក្រោយការប្រកួតដែលជាផលប៉ះពាល់មួយដែលប៉ះទង្គិចនូវកិត្តិយសនិងភាពថ្លៃថ្នូររបស់ប្រជាជនខ្លួន។
លើសពីនេះ សហព័ន្ធក៏បានបន្ថែមទៀតថានឹងធ្វើការផ្ញើជាលិខិតសូមទោសផ្លូវការទៅកាន់ស្ថាប័នផ្សេងទៀតដែលពាក់ព័ន្ធដើម្បីជាការលុបលាងនូវកំហុសដ៏មិនគួរសមមួយនេះ ដើម្បីជាការបង្ហាញពីភាពដឹងនូវអ្វីដែលគួរកែលម្អកុំឱ្យមានរឿងបែបនេះនៅលើកក្រោយទៀត។
គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់ថៃ និងឥណ្ឌូនេស៊ីនេះ ត្រូវបានប្រព្រឹត្តទៅនៅយប់ថ្ងៃទី ១៦ ឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋាអូឡាំពិក រាជធានីភ្នំពេញនៃប្រទេសកម្ពុជា៕