កោះកុង៖ អណ្តើកហ្លួងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយសត្វដ៏កម្រនេះកំពុងមានវត្តមាននៅកម្ពុជា ហើយសត្វនេះគេឃើញមានរស់នៅនៅតែតាមដងព្រែកស្រែអំបិលខេត្តកោះកុង។ នេះជាការថ្លែងបញ្ជាក់ពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានក្នុងពេលដឹកនាំមន្ត្រី និង អ្នកសារព័ត៌មានធ្វើការស្វែងយល់ពីវិធីសាស្ត្រនៃការបង្កាត់ពូជ និងផ្ស៊ាំអណ្តើកហ្លួងនាស្រុកស្រែអំបិលខេត្តកោះកុងកាលពីថ្ងៃទី ១៥ខែ ឧសភា ឆ្នាំ ២០២៣។
លោក នេត្រ ភក្រ្តា បានថ្លែងថា”អណ្តើកហ្លួងជាសត្វមិនសម្បូណ៌ឡើយ គឺរស់នៅតែតាមដងព្រែកស្រែអំបិលតែប៉ិណ្ណោះ សូមជួយថែរក្សាការពារនិងអភិរក្ស។ អណ្តើកហ្លួងជាប្រភេទសត្វ ឧរង្គសត្វតំណាងឲ្យប្រទេសកម្ពុជា”។
លោកបានមានប្រសាសន៍ថា អណ្តើកហ្លួងពីដំបូងឡើយត្រូវបានគេគិតថាបាត់បង់ពីប្រទេសកម្ពុជាទៅហើយ ប៉ុន្តែទោះបីយ៉ាងណាក្នុងអំឡុងឆ្នាំ ២០០០ត្រូវបានគេរកឃើញប្រភេទសត្វនេះឡើងវិញក្នុងប្រទេសកម្ពុជា។បន្ទាប់ពីរកឃើញក្រសួងកសិកម្ម និងអង្គការWCSបានរួមគ្នា រួចហើយក៏បានយកប្រភេទសត្វអណ្តើកហ្លួងនេះមួយចំនួនយកទៅលែងសម្រាប់បង្កាត់ពូជដើម្បីបង្កើនចំនួនអណ្តើកហ្លួងនៅតាមព្រែកស្រៃអំបិលក្នុងខេត្តកោះកុងដែលជាតំបន់អភិរក្សនេះឡើង។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានថ្លែងដោយអំពាវនាវដល់ប្រជានេសាទឱ្យចូលរួម និងអភិរក្សអណ្តើកហ្លួងនេះពីព្រោះថាដូចជាយើងដឹងស្រាប់ហើយនៅលើពិភពលោកមានត្រឹមតែ៣ប្រទេស ប៉ុណ្ណោះ ដែលនៅមានវត្តមានអណ្តើកហ្លួងនេះគឺកម្ពុជារបស់យើងឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។សម្រាប់កម្ពុជារបស់យើងនេះដែរគឺមានសត្វអណ្តើកហ្លួងច្រើន៕