ភ្នំពេញ៖ ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបូរាណចិននៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅថ្ងៃទី ១៥ ឧសភា ទទួលបានការបំពាក់គ្រឿងឥស្សរិយយសពីក្រសួងសុខាភិបាលកម្ពុជា។ការបំពាក់នេះ ធ្វើឡើងក្រោយពីក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបូរាណចិនបំពេញបេសកកម្មអស់រយៈពេល១៤ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទទួលបានសមិទ្ធផលជាច្រើនអនេត។
ពិធីបំពាក់រៀបចំឡើងក្រោមវត្តមានរបស់ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល។
លោក Wang Wentian បានគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបូរាណចិនដំបូងគេបង្អស់ដែលបានចាត់បញ្ជូនមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទទួលបានសមិទ្ធផលជាច្រើនអនេត ហើយនឹងដំណើរវិលត្រឡប់ទៅកាន់ប្រទេសចិន ពួកគេក៏ជាក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបូរាណចិនថ្នាក់ជាតិដំបូងគេដែលរដ្ឋាភិបាលចិនបានចាត់បញ្ជូនមកកាន់បរទេស។
បើតាមលោក Wang Wentia ក្នុងអំឡុងពេល១៤ខែនៃការបំពេញបេសកកម្ម ពួកគេបានផ្សព្វផ្សាយស្មារតីក្រុមគ្រូពេទ្យជំនួយមកកាន់បរទេសគឺ "មិនខ្លាចភាពលំបាក ហ៊ានលះបង់យ៉ាងអង់អាច សង្គ្រោះព្យាបាលអាយុជីវិត និងផ្តល់ក្តីស្រលាញ់គ្មានព្រំដែន" រួមចិត្តមួយថ្លើមមួយដើម្បីកម្ចាត់ជំងឺវីរុសជូនដល់ប្រជាជនកម្ពុជានិងប្រជាជនក៏ដូចជាបងប្អូនជាប់សែស្រឡាយចិន និងព្រមទាំងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេកគ្រប់ភារកិច្ចទាំងឡាយ។ ពួកគេគឺជាអ្នកចម្បាំងអាវសដ៏ក្លាហានមិនរួញរា ជាបេសកជននៃចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា និងជាអ្នកអនុវត្តការកសាងសហគមន៍សុខាភិបាលនិងសុខភាពសម្រាប់មនុស្សជាតិ។
លោក ម៉ម ប៊ុនហេង តាំងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យបានពាំនាំយកបទពិសោធន៍ព្យាបាលទប់ស្កាត់ជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពតាមបែបវេជ្ជសាស្រ្តបូរាណចិនមកកាន់កម្ពុជា ហើយទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។ គ្លីនិកក្រុមគ្រូពេទ្យបានពិនិត្យព្យាបាលអ្នកជំងឺមានចំនួនសរុបលើសពី១.៦ម៉ឺននាក់ បាននាំយកនូវបច្ចេកវិទ្យាវេជ្ជសាស្រ្តកម្រិតខ្ពស់ជូនដល់តំបន់ និងទទួលបានការកោតសរសើរខ្ពស់ពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសកម្ពុជា។