ភ្នំពេញ៖ ជនជាតិហ្វីលីពីនម្នាក់ឈ្មោះ Mia Montayre បានធ្វើការបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់ខ្លួនសរសើរកម្ពុជាមិនដាច់ពីមាត់ថានឹងត្រលប់មកកម្ពុជាសារជាថ្មី ដោយសារតែបានរកឃើញកាមេរ៉ាដែលបានបាត់ទៅ។
បើតាមគណនីហ្វេសប៊ុករបស់ជនជាតិហ្វីលីពីនឈ្មោះ Mia Montayre បានឱ្យដឹងថា ស្រ្តីរូបនេះបានបាត់កាម៉េរារបស់ខ្លួននៅពេលដែលធ្វើដំណើរដោយម៉ូតូកង់បីនៅភ្នំពេញទៅកាន់វិមានឯករាជ្យ កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០២៣។
ស្រ្តីរូបនេះបានរៀបរាប់ថា មូលហេតុដែលកាមេរ៉ានេះបាត់គឺដោយសារតែមុននឹងកង់បីបានចេញទៅ គាត់រវល់ក្នុងការបង់លុយសម្រាប់ថ្លៃធ្វើដំណើរទៅកាន់ពូម្ចាស់កង់បី លុះប្រញាប់ពេកក៏ស្រាប់តែភ្លេចយកកាម៉េរាចុះពីលើកង់បី ដែលម៉ូតូកង់បីបានចេញដំណើរទៅបាត់ទៅហើយ។
ស្រ្តីរូបនេះបានរៀបរាប់បន្តទៀតថា ក្រោយពេលដឹងថាបានបាត់ភ្លាម ក៏បានព្យាយាមរកគ្រប់ដំណោះស្រាយដើម្បីអាចស្វែងរកកាម៉េរានេះត្រលប់មកវិញអស់ពេញមួយថ្ងៃតែមិនទាន់មានសង្ឃឹមវិញនៅឡើយ។ នៅពេលដែលដឹងថាបាត់កាម៉េរាភ្លាម អារម្មណ៍ចាប់ផ្តើមច្របូកច្របល់ណាស់ ព្រោះកាម៉េរានោះមានតម្លៃថ្លៃ និងទើបបានប្រើមិនដល់មួយឆ្នាំផង។
ទោះជាយ៉ាងណាក៏ដោយ ស្រ្តីរូបនេះនៅតែបន្តសហការជាមួយនឹងយុវជនស្ម័គ្រចិត្តនិងអាជ្ងាធរក្នុងការស្វែងរកបន្តទៀតដោយសារតែនៅក្នុងកាម៉េរានេះមានរូបភាពដែលគាត់បានថតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដូចនេះប្រសិនបើមិនអាចរកឃើញទេ វានឹងមានផលប៉ះពាល់ជាខ្លាំងទៅលើការងារ និងបេសកកម្មរបស់គាត់។
មិនដល់ពេល ២៤ ម៉ោង កាមេរ៉ានេះត្រូវបានរកឃើញវិញ ដោយសារតែមានការសហការគ្នារវាងអាជ្ញាធរ យុវជនស្ម័គ្រចិត្ត និងអ្នកម្ចាស់ហាងដែលបានទិញកាម៉េរាពីលោកពូកង់បី។ គួរបញ្ជាក់ផងដែរថា ដោយសារតែស្ថានភាពជម្ងឺរបស់ខ្លួន លោកពូកង់បីម្នាក់នោះបានលក់កាម៉េរាដើម្បីព្យាបាលជើងរបស់ខ្លួន តែត្រូវបានឃាត់ខ្លួនទាន់ពេលវេលាទើបបានសារភាពនូវកំហុសរបស់ខ្លួន។ ស្រ្តីរូបនោះបានបង្ហាញសេចក្តីអាណិតអាសូរចំពោះលោកពូកង់បីម្នាក់នោះដោយមិនបានប្តឹងផ្តល់អ្វីនោះទេ ដោយសារតែឃើញស្ថានភាពលោកពូនោះកំពុងលំបាកផងនោះ។
ជាចុងក្រោយ ស្រ្តីហ្វីលីពីនរូបនេះ បាននិយាយថាពេលដំបូងឡើយដែលបាត់កាមេរ៉ា ធ្វើឱ្យលែងមានអារម្មណ៍ចង់មកលេងខ្មែរបន្តទៀត តែនៅពេលដែលបានរកឃើញវិញ និងឃើញពីការខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា ធ្វើឱ្យស្រ្តីរូបនេះសន្យាថានឹងត្រឡប់មកកម្ពុជាម្តងទៀតនៅថ្ងៃណាមួយម្តងទៀត៕