Yearendyearend1140x150

សាធារណរដ្ឋឆែកប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សាធារណរដ្ឋឆែក បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា លើការកសាងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពខ្ពស់ និងមានជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ការប្ដជ្ញានេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម Petr Gandalovic ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍ និងជំនួយមនុស្សធម៌ តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា កន្លងមក សាធារណរដ្ឋឆែកតែងតែបានផ្តល់ការគាំទ្រទៅលើការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធិភាពទៀតនោះ ភាគីទាំងពីរគួរពិភាក្សាទៅលើការរៀបចំកម្មវិធីសិក្សារបស់ TVET ផងដែរ ពិសេសទៅលើមុខវិជ្ជាជំនាញដែលនឹងមានសក្តានុពលទៅថ្ងៃអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដូចជា ផ្នែកការកែច្នៃផលិតផលកសិកម្មជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តម Petr Gandalovic បានបន្តថា ការកែច្នៃម្ហូបអាហារនេះ គឺជាផ្នែកមួយដែលសាធារណរដ្ឋឆែកមានបទពិសោធន៍ជាយូរណាស់មកហើយ លើសពីនេះឆែកក៏មានប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលមានការអភិវឌ្ឍឈានមុខគេមួយ ហើយនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានេះ សាធារណរដ្ឋឆែកអាចផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាទៅធ្វើទស្សនកិច្ចសិក្សានៅឆែក ក៏ដូចជាការផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្រៀនផងដែរ។

ឯកឧត្តម អ៊ិត សំហេង បានឯកភាពទៅលើការលើកឡើងរបស់ ឯកឧត្តម Petr Gandalovic ហើយបានលើកឡើងថា កម្ពុជាក៏បានរៀបចំផែនទីបង្ហាញផ្លូវអភិវឌ្ឍជំនាញដល់ឆ្នាំ២០៣៥ ដើម្បីកំណត់គោលដៅជំនាញសំខាន់ៗដែលត្រូវអភិវឌ្ឍផងដែរ។

ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ហើយបានប្តេជ្ញាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើការកសាងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពខ្ពស់ មានជំនាញវិជ្ជាជីវ: ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង