Yearendyearend1140x150

អង្គការជីវិតធម្មជាតិ៖ចង្កៀលខ្យង មានចំនួនច្រើន បើតាមការកត់ត្រាសត្វស្លាប កាលពីដើមខែឧសភា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការជីវិតធម្មជាតិ

កម្ពុជា៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពីដើមខែឧសភា បានធ្វើការកត់ត្រាចំនួនសត្វស្លាបទឹក នៅបឹងទន្លេឆ្មារ។ សត្វស្លាបសំខាន់ៗ ជាច្រើន ត្រូវបានកត់ត្រា ប៉ុន្ដែបើតាមការកត់ត្រា ចង្កៀលខ្យង ជាសត្វដែលមានចំនួនច្រើនជាងគេរហូតដល់រាប់ពាន់ក្បាល។

កាលពីដើមខែឧសភា កន្លងទៅ ក្រុមការងារនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាបានចូលរួមអង្កេតតាមដានជីវចម្រុះនៅក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ហើយបានកត់ត្រាវត្តមានសត្វស្លាបទឹកកម្រជាច្រើនប្រភេទ ដែលកំពុងរកចំណីលើផ្ទៃបឹងទន្លេឆ្មារ។

រូបភាព៖ អង្គការជីវិតធម្មជាតិ

បឹងទន្លេឆ្មារ ជាបឹងមួយដ៏ធំហុំព័ទ្ធជុំវិញដោយព្រៃលិចទឹក ដែលស្ថិតនៅកណ្ដាលតំបន់រ៉ាមសារបឹងទន្លេឆ្មារ ហើយជាប្រភពចំណីដល់សត្វស្លាបទឹក និងការប្រកបរបរចិញ្ចឹមជីវិតប្រជានេសាទមូលដ្ឋានផងដែរ ជាពិសេសក្នុងចន្លោះខែមិនា រហូតដល់ខែមិថុនា ដែលជារយៈពេលទឹកបឹងទន្លេឆ្មារចាប់ផ្ដើមស្រកខ្លាំង។

សត្វស្លាបសំខាន់ៗដែលកត់ត្រាដោយក្រុមការងារយើងមានដូចជាខ្វែងសមុទ្រកន្ទុយខ្មៅ ត្រយ៉ងខ្លួនរលោង ត្រយ៉ងខ្លួនស រនាលពណ៍ ចង្កៀលខ្យង ទាកាប និងសត្វជើងទៀន ជាដើម។ ដោយឡែកចង្កៀលខ្យងមានចំនួនច្រើនជាងគេរហូតដល់រាប់ពាន់ក្បាល។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២១មក អង្គការជីវិតធម្មជាតិនៅកម្ពុជាបាននឹងកំពុងគាំទ្រដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិនៃតំបន់រ៉ាមសារបឹងទន្លេឆ្មារក្នុងការល្បាតឃ្លាំមើលជាប្រចាំលើបទល្មើសធនធានធម្មជាតិ និងការអង្កេតតាមដានជីវចម្រុះផងដែរ ក្រោមថវិកាគាំទ្រពីសហភាពអឺរ៉ុប តាមរយៈគម្រោងទន្លេសាបយើង៕

រូបភាព៖ អង្គការជីវិតធម្មជាតិ
រូបភាព៖ អង្គការជីវិតធម្មជាតិ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង