ភ្នំពេញ៖ ទូរទស្សន៍ជាតិកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៣ ដែលក្រុមចំនួន១២ មកពី៧សាលា ត្រូវផលិតរ៉ូបូតចំនួន២ មកប្រកួតប្រជែងគ្នាលើទីលានដើម្បីដណ្តើមជើងឯកថ្នាក់ជាតិ ក្រោមវិញ្ញាសា «រ៉ូបូតបាចផ្កាទៅលើប្រាសាទអង្គរវត្ត» នៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
កម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិឆ្នាំនេះ ក្រុមចំនួន១២ មកពី៧សាលា ដូចជា AEU CADT ITC NPIC NUM និង PPI ត្រូវផលិតរ៉ូបូតចំនួន២ មកប្រកួតប្រជែងគ្នាលើទីលានដើម្បីដណ្តើមជើងឯកថ្នាក់ជាតិ ក្រោមវិញ្ញាសា «រ៉ូបូតបាចផ្កាទៅលើប្រាសាទអង្គរវត្ត» ។ ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ នឹងជ្រើសរើសក្រុមខ្លាំងចំនួន២ ដែលនឹងក្លាយជាក្រុមតំណាងកម្ពុជា ចូលរួមប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ នៅចុងខែសីហា។
គួរបញ្ជាក់ថា នេះជាខួបលើកទី១០ឆ្នាំ ដែលទូរទស្សន៍ជាតិកម្ពុជា រៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិនេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនិស្សិតកម្ពុជា ក្នុងវិស័យរ៉ូបូតនិងស្វ័យប្រវត្តិកម្ម៕