ប៉េកាំង៖ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា កាលពីថ្ងៃទី ៨ ឧសភា ត្រូវបានមហាសន្និបាតមិត្តភាពនៃសហគមជនជាតិចិន និងអាណិកជនចិនពិភពលោកលើកទី១០ ប្រគល់ជូននូវពានរង្វាន់កិត្តិយសដែលមានឈ្មោះថា «ពន្លឺនៃសហសង្គមចិន» និង បានកោតសរសើរសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលបានកសាងស្ពាននៃការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសចិន និង កម្ពុជាអស់រយៈពេល ៣៣ឆ្នាំកន្លងមក។
ពិធីប្រគល់ពានរង្វាន់នេះ រៀបចំឡើងនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ក្រោមអធិបតីភាពរបស់លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ប្រធានរដ្ឋចិន ដោយលោកបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយតំណាងសហគមចិនដែលបានចូលរួមមហាសន្និបាតមិត្តភាពនៃសហគមជនជាតិចិន និងអាណិកជនចិនពិភពលោកលើកទី១០នៅឆ្នាំនេះ។
តំណាងសមាគមចិននៅប្រទេសកម្ពុជាចំនួន ៥រូបត្រូវបានអញ្ជើញឱ្យចូលរួមមហាសន្និបាតនេះ រួមមានអនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិន លោកឧកញ៉ា ជាសឿន និង លោកឧកញ៉ាថៃ វ៉ាននិងលោកសុកហ៊ុយ ជាអគ្គលេខាធិការសមាគមសម្ព័ន្ធខ្មែរចិន និងពីរនាក់ផ្សេងទៀត។
គួរបញ្ជាក់ថា មហាសន្និបាតមិត្តភាពនៃសហគមជនជាតិចិន និង អាណិកជនចិនពិភពលោកលើកទី១០ រៀបចំដោយការិយាល័យកិច្ចការអាណិកជននៃក្រុមប្រឹក្សារដ្ឋ និង សមាគមជនជាតិចិន និងអាណិកជនចិន គឺជាវេទិកាផ្លាស់ប្តូរបទពិសោធន៍ដ៏សំខាន់សម្រាប់មេដឹកនាំនៃសមាគមជនជាតិចិន និងអាណិកជនចិននៅជុំវិញពិភពលោក។អ្នកទទួលខុសត្រូវជិត ៥០០នាក់ នៃសមាគមជនជាតិចិន និងអាណិកជនចិនមកពីជាង ១៣០ ប្រទេស និង តំបន់បានចូលរួមមហាសន្និបាតនេះ។
លោកស្រី ឈិន ស៊ី ប្រធានការិយាល័យកិច្ចការអាណិកជននៃក្រុមប្រឹក្សារដ្ឋចិនបានចែកពានរង្វាន់ «ពន្លឺនៃសហសង្គមចិន» ទៅឲ្យលោកឧកញ៉ា ជាសឿន តំណាងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។
មហាសន្និបាតមិត្តភាពនៃសមាគមជនជាតិចិន និងអាណិកជនចិនពិភពលោកលើកទី១០ បានកោតសរសើរសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលក្នុងរយៈពេល៣៣ឆ្នាំមកនេះ ក្នុងនាមជាសមាគមចិនដ៏ធំបំផុតនៅប្រទេសកម្ពុជា បានប្រមូលផ្តុំកម្លាំងនៃជនជាតិចិន និង អាណិកជនចិនទាំងអស់នៅប្រទេសកម្ពុជា រួមគ្នាកសាងស្ពានមេត្រីភាពនៃការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសចិន និងកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់៕