
ភ្នំពេញ៖ កម្ពុជា-វៀតណាម បានឯកភាពគ្នាសិក្សាពីលទ្ធភាពក្នុងបើកហោះហើរត្រង់រវាងគោលដីទេសចរណ៍កម្ពុជា-វៀតណាម ជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ហ្វូគុកវៀតណាម ក្នុងគោលដៅបង្កើនទេសចរណ៍រវាងប្រទេសទាំងពីរ។ ការឯកភាពនេះត្រូវបានធ្វើឡើងនាឱកាសដែលកម្ពុជា-វៀតណាម ចុះអនុស្សរណៈជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរក្រោយវិបត្តកូវីដ១៩ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។
កិច្ចចុះអនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ ស្របពេលនឹងការធ្វើការជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានផ្តល់ការគាំទ្រ និងបន្តការខិតខំប្រឹងប្រែងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាខាងលើ ដែលផ្តោតសំខាន់លើខ្លឹមសារដូចជា៖ រួមគ្នារៀបចំបង្កើតកញ្ចប់ទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជន, បង្កើនកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់តែខ្លាំងឡើង និងប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរដំណើរការពេញលេញឡើងវិញ, ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែមទៀត, និង ជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានបង្ហាញការតាំងចិត្តក្នុងការបង្កើនកិច្ចសហការឲ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ប្រកបដោយផ្លែផ្កា ក្រោមក្របខណ្ឌនៃកិច្ចសហការទ្វេភាគី និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ក៏ដូចជាក្របខណ្ឌតំបន់អាស៊ាន និងអនុតំបន់ផ្សេងៗទៀត៕

