ភ្នំពេញ៖ នៅឆ្នាំ២០១៩ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាន បើកយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ដោយឃាត់ខ្លួននិងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន៥៩នាក់ ចាប់យកឈើចម្រុះចំនួន ៩.២១៥.៨៧៦ ម៉ែត្រត្រីគុណ និងចាប់យកមធ្យោបាយសរុបចំនួន៤៩១គ្រឿង និងបានអនុវត្តវិធានការបំផ្ទុះ ដុត កាត់បំផ្លាញចោលនូវរថយន្តបាកុង និងមធ្យោបាយកែច្នៃសរុបចំនួន២១២គ្រឿង។នេះបើតាមអ្នកនាំពាក្យ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អះអាងថា ឈើដែលចាប់បានខាងលើ គណៈកម្មការជាតិ កំពុងថែរក្សាមិនឱ្យបាត់ ឬឆេះដោយប្រការណាមួយឡើយ ហើយឈើនេះត្រូវបានដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ដើម្បីប្រមូលថវិកាជូនជាតិ៕