Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនជាង១ម៉ឺននាក់ក្នុងរយៈពេល២ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរជប៉ុនចំនួន ១១,៤៦៥នាក់ កើនឡើង ១១៧៦.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ តួលេខនេះក្រសួងបញ្ជាក់ថា ស្ថានភាពទេសចរណ៍កម្ពុជាកំពុងវិលទៅរកសភាពល្អប្រសើរឡើងវិញ ដោយកម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណ ៧ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រទេសជប៉ុនជាទីផ្សារគោលដៅសំខាន់សម្រាប់កម្ពុជា បើយោងតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចំនួន២,២៧៦,៦២៦ នាក់ កើនឡើង១០៥៨.៦% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរជប៉ុនមានចំនួន២៩,៧៣៣នាក់ មានការកើនឡើង ១៣៧៨.៥% បើធៀបនឹងឆ្នាំ២០២១។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍កម្ពុជាបានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំនៅប្រទេសជប៉ុន ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅលើទីផ្សារជប៉ុន ក្នុងពិព័រណ៍កម្ពុជា Cambodia Festival 2023 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៣។

កម្មវិធីពិព័រណ៍កម្ពុជាឆ្នាំ២០២៣ មានការតាំងបង្ហាញផលិតផល ម្ហូបអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍របស់ខ្មែរ និងការបង្ហាញផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី តាមរយៈការសម្តែងសិល្បៈជូនភ្ញៀវទស្សនាកម្សាន្ត ដោយមានស្តង់សរុបប្រមាណ១០០ស្តង់។ ឆ្នាំនេះផងដែរ ពិព័រណ៍កម្ពុជារំពឹងថានឹងមានអ្នកចូលរួមទស្សនាពីសំណាក់ភ្ញៀវបរទេស និងជនជាតិខ្មែរប្រមាណជា៥ម៉ឺននាក់។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង