
ភ្នំពេញ៖ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការសាទរចំពោះការអភិវឌ្ឍរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករនិយោជិតកាន់តែប្រសើរ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាយ៉ាងសំខាន់ណាស់ដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
បើតាមសេចក្ដីប្រកាស ការសាទរនេះត្រូវបានធ្វើឡើងនាឱកាសឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ចិន ជានកាង (Chen Jiangang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
នាឱកាសនេះ លោក ចិន ជានកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា កន្លងមកនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានទាក់ទាញវិនិយោគិនជាច្រើនមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗទាំង២ គឺគណៈប្រតិភូក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេសចិន។ ការអញ្ជើញមកទស្សនាទាំងអស់នេះ គឺបានបង្ហាញជាសញ្ញាថា រដ្ឋាភិបាលចិនបានបើកចំហការចេញចូលប្រទេសកាន់តែធំទូលាយ ហើយក៏កាន់តែមានទំនុកចិត្តថា វិនិយោគិនចិននឹងមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន។
លោកបន្តថា ដំណឹងល្អមួយទៀត គឺរោងចក្រផលិតសំបកកង់រថយន្ត ជេនេរ៉ល ថាយអឺរ ថេកណូឡូជី ដែលបច្ចុប្បន្ននេះ បានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ តាមសំណើ និងការទាក់ទាញរបស់ឯកឧត្តម អ៉ិត សំហេង។ ការវិនិយោគនេះគឺជាគម្រោងធំបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមហ៊ុននេះបានបណ្តាក់ទុនវិនិយោគចំនួន ៣០០ លានដុល្លារ។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរូបនេះបានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនមកកាន់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដើម្បីផ្ដល់ឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសនឹងខិតខំប្រឹងប្រែងទាក់ទាញវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប មកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ៕

