
កំពង់ធំ៖ ក្រុមហ៊ុនចិន ដែលវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ ត្រូវការផ្ទៃដីកសិកម្មប្រមាណជាង ៣០ម៉ឺនហិចតា ដែលចំណាយថវិកាវិនិយោគប្រមាណជាង ៤០០លានដុល្លារអាម៉េរិក សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេកទេសកសិកម្មបែបទំនើប។ ក្រុមហ៊ុនវិនិយោគចិនមកពេលនេះ គឺជាក្រុមហ៊ុនមួយដែលទទួលស្គាល់ពីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសចិន។
លោក ដួង ដារ៉ា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានមនាប្រសាសន៍ថា ក្រុមហ៊ុនវិនិយោគចិនមកពេលនេះ គឺជាក្រុមហ៊ុនមួយដែលទទួលស្គាល់ពីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសចិន។ ហើយសម្តេច ហ៊ុន សែន បានចាប់អារម្មណ៍ខេត្តកំពង់ធំ ជាខេត្តមួយដែលសំខាន់ មានសក្តានុពល អភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេស ដំណាំស្វាយចន្ទីរ ព្រមទាំងជម្រុញក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម មកពិនិត្យស្ថានភាព និងសក្តានុពលកសិកម្មនៅខេត្តកំពង់ធំ។
លោក ដួង ដារ៉ា បន្ថែមទៀថា ក្រុមហ៊ុនវិនិយោគចិន ត្រូវការផ្ទៃដីកសិកម្មប្រមាណជាង ៣០ម៉ឺនហិចតា ដែលចំណាយថវិកាវិនិយោគប្រមាណជាង ៤០០លានដុល្លាសហរដ្ឋអាមេរិក សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេកទេសកសិកម្មបែបទំនើប។ ហើយក្រៅផលិតផលកសិកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុនចិនជួយរកទីផ្សារ និងទទួលផលិតផលកសិកម្មរបស់កសិករទៅតាមតម្លៃទីផ្សារ។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ទោះបីប្រទេសកម្ពុជាប៉ឹងផ្អែកលើវិស័យកសិកម្ម ប៉ុន្តែវិស័យកសិកម្មនៅមានកម្រិតនៅឡើយ។ ហើយគម្រោងនេះបាននាំមកលំហូរហិរញ្ញវត្ថុយ៉ាងច្រើន និងបច្ចេកវិទ្យាវិស័យកសិកម្មទំនើបមកជាមួយ ធ្វើឲ្យខេត្តកំពង់ធំក៏ដូចជាខេត្តដទៃទៀតស្ថិតនៅក្នុងគម្រោងរបស់សម្ដេច ហ៊ុន សែន ទទួលបានគ្រឹះសេដ្ឋកិច្ចរឹងមាំបន្ថែមទៀត ជាពិសេស មានឱកាសការងារសម្រាប់ ប្រជាពលរដ្ឋ ទទួលបានប្រាក់ចំណូល លើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរឡើង៕