Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាស្នើចិនបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យបាន៣០០ជើងក្នុងមួយសប្តាហ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល

ប៉េកាំង៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្នើដល់ភាគីចិន ជួយជំរុញការផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ រវាងប្រទេសកម្ពុជា-ចិន ឱ្យយ៉ាងហោចណាស់មានជើងហោះហើរ៣០០ជើងក្នុងមួយសប្តាហ៍ ឱ្យបានក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរជាបន្តទៀត។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល មកកាន់ស៊ីស៊ីថាមស៍។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា សំណើនេះបានធ្វើឡើងក្នុងឱកាសលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះហត្ថាលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិបត្តិការ ស្តីពីការពង្រឹងសុវត្ថិភាពហោះហើរ នៅទីក្រុងប៉េកាំង ជាមួយលោក Captain Song Zhiyong ប្រធានរដ្ឋបាលអាកាសចរស៊ីវិលចិន នៅប្រទេសចិន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

លោកបន្តថា ក្នុងជំនួបពិភាក្សានេះបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្នើដល់ភាគីចិន ជួយជំរុញការផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ ឱ្យបានឆាប់រហ័សរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានយ៉ាងតិច ៣០០ជើងក្នុងមួយសប្តាហ៍។

បើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវត្ថា ក្នុងឆ្នាំ២០១៩ មុនពេលវិបត្តិជំងឺកូវីដ-១៩ ការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស រវាងប្រទេសទាំងពីរ មានចំនួនជាង ៤០០ជើងក្នុងមួយសប្តាហ៍ និងបានផ្សារភ្ជាប់ទំនាក់ទំនងចំនួន៤០ទីក្រុង រវាងកម្ពុជា ៣ទីក្រុង និងចិន ៣៧ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចំនួន ២២។ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈមនានានៅក្នុងពិភពលោក ដំណើរការចាប់ផ្តើមហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ មកទល់បច្ចុប្បន្ននេះមានត្រឹមប្រហែល ១០០ជើងក្នុងមួយសប្តាហ៍ និង ១១ក្រុមហ៊ុនអាកាសចរណ៍ ដោយក្នុងនោះ ៣ក្រុមហ៊ុន ពីកម្ពុជា និង ៨ក្រុមហ៊ុន ពីចិន ប៉ុណ្ណោះ។

លោកបន្ថែមថា «បើតាមផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពី ដែលបានដាក់ពាក្យស្នើសុំហោះហើរ សម្រាប់រដូវកាលនេះ គឺមានរហូតដល់ទៅប្រមាណ ជាង៣០០ជើងក្នុងមួយសប្តាហ៍ ប៉ុន្តែលទ្ធផលជាក់ស្តែង គឺយើងពុំអាចសម្រេចបាននៅឡើយ»។ លោកបញ្ជាក់ថា ចំពោះសំណើនេះភាគីចិនបានឯកភាពរួចរាល់ហើយ ខណៈកម្ពុជាតម្រូវឱ្យក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរធ្វើរួមគ្នាបន្តទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង