Yearendyearend1140x150
Img 0571

គយប្រមូលចំណូលបានជាង៥៦៤លានដុល្លារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន ២ ៣០២,៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៥៦៤,១ លានដុល្លារអាមេរិក) ថយចុះប្រមាណ ៥,២% ធៀបនឹងចំណូលប្រមូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២២។ លទ្ធផលនេះសម្រេចបាន ២០,៥% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

បើពិនិត្យចំណូលតាមប្រភេទពន្ធនិងអាករ និងតាមក្រុមទំនិញ គឺមានលទ្ធផលដូចតទៅ៖ តាមប្រភេទពន្ធនិងអាករ មានដូចជា អាករលើតម្លៃបន្ថែមមានចំនួន ៩៤៩,៨ ប៊ីលានរៀល ត្រូវជា ៤១,២% នៃចំណូលសរុប, អាករពិសេសមានចំនួន ៧៥២,២ ប៊ីលានរៀល ត្រូវជា ៣២,៧% នៃចំណូលសរុប, ពន្ធគយមានចំនួន ៤៥៩,៥ ប៊ីលានរៀល ត្រូវជា ២០,០% នៃចំណូលសរុប, អាករបន្ថែមលើផលិតផលប្រេងមានចំនួន ៨៧,៦ ប៊ីលានរៀល ត្រូវជា ៣,៨% នៃចំណូលសរុប, និង អាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ៥៣,៨ ប៊ីលានរៀល ត្រូវជា ២,៣% នៃចំណូលសរុប

ចំណែកចំណូលតាមក្រុមទំនិញមានដូចជា យានយន្តនិងគ្រឿងចក្រមានចំនួន ៨៣៥,៦ ប៊ីលានរៀល ត្រូវជា ៣៦,៣% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ៧៥៧,២ ប៊ីលានរៀល ត្រូវជា ៣២,៩% នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ៥៥៣,៥ ប៊ីលានរៀល ត្រូវជា ២៤,០% នៃចំណូលសរុប, និង គ្រឿងសំណង់និងកម្រៃផ្សេងៗមានចំនួន ១៥៦,៦ ប៊ីលានរៀល ត្រូវជា ៦,៨% នៃចំណូលសរុប។ នេះបើតាមរបាយការណ៍។

ទន្ទឹមនេះ ទំហំនៃការនាំចេញក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ រួមមាន៖ ការនាំចេញផលិតផលកាត់ដេរមានចំនួន ២ ៤៤៩,៤ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧០៥,៦ លានដុល្លារអាមេរិក ត្រូវជា ២២,៤%, ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ឈើកែច្នៃ ផលិតផលពីប្លាស្ទិក គ្រឿងបន្លាស់រថយន្ត កុងផ្លាកេ អំពូលលម្អ ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ១ ៤៤២,៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២២៩,៨ លានដុល្លារអាមេរិក ត្រូវជា ១៨,៩%, និង ការនាំចេញកសិផលមានចំនួន ១ ២៥៩,១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៣៥,៦ លានដុល្លារអាមេរិក ត្រូវជា ១០,៨% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៤១១,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១២,៨ លានដុល្លារអាមេរិក (៣៧,៧%), ការនាំចេញអង្ករមានតម្លៃ ១២៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២០,៩ លានដុល្លារអាមេរិក (១៩,៩%), កៅស៊ូនាំចេញមានតម្លៃ ៩៣,១ លានដុល្លារអាមេរិក ថយចុះប្រមាណ ១០,១ លានដុល្លារអាមេរិក (៩,៨%), និងកសិផលផ្សេងទៀតមានតម្លៃ ៦២៨,៤ លានដុល្លារអាមេរិក កើនឡើង ១២ លានដុល្លារអាមេរិក (២,០%)។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង