Yearendyearend1140x150

ក្រសួងសាធារណការចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory Service Agreement) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ។ គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការសម្រួលដល់ការដឹកជញ្ជូនទំនិញ កាត់បន្ថយថ្លៃដឹក និងបង្កើតប្រសិទ្ធិភាពក្នុងការផ្គត់ផ្គង់។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមសេចក្ដីប្រកាសពិធីចុះហត្ថលេខានេះត្រូវបានចុះហត្ថលេខារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation)។ នាឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុន រដ្ឋមន្រ្តីក្រសួងសាធារណការបានឱ្យដឹងថា គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការសម្រួលដល់ការដឹកជញ្ជូនទំនិញ និងសេវាកម្មពីអ្នកផលិតទៅអ្នកប្រើប្រាស់ ព្រមទាំងមានប្រសិទ្ធភាពអាចជួយកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនលទ្ធភាពទទួលបានផលិតផល និងបង្កើនប្រសិទ្ធភាពសង្វាក់ផ្គត់ផ្គង់ទាំងមូលផងដែរ។

ឯកឧត្តម បានបន្ថែមថា នេះជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មលើកទី២ ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុវត្ត បន្ទាប់ពីគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ហើយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលនៅបាវិត និងប៉ោយប៉ែតផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងគ្រោងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មមួយ ដែលអាចផ្តល់សេវាភ័ស្តុភារកម្មពីប្រទេសកម្ពុជា ទៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) គឺជាមជ្ឈមណ្ឌលភ័ស្តុភារអាទិភាពមួយក្នុងចំណោមមជ្ឈមណ្ឌលភ័ស្តុភារអាទិភាពចំនួនពីរដែលត្រូវអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ ចំពោះមជ្ឈមណ្ឌលនេះត្រូវបានកំណត់នៅក្នុងផែនការមេភ័ស្តុភារកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីតភ្ជាប់ទៅមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) ដែលគម្រោងទាំងនេះនឹងជួយផ្លាស់ប្តូរមុខមាត់នៃប្រតិបត្តិការដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់បានកាន់តែប្រសើរ ព្រមទាំងអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកម្ពុជាបានកាន់តែច្រើន ដែលនេះនឹងបើកឱកាសដល់ការប្រកួតប្រជែង និងសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង