
ភ្នំពេញ៖ នៅក្នុងឆមាសទី១នៃឆ្នាំ២០២០ សកម្មភាពនៃការដឹកជញ្ជូននៅកំពង់ផែស្វយ័តក្រុងភ្នំពេញ បានធ្លាក់ចុះប្រមាណជាង៦០%។ នេះបើតាមការអះអាងរបស់លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) នៅក្នុងការផ្តល់បទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។
លោក ស៊ិន ចន្ធី បានគូសបញ្ជាក់ថា សកម្មភាពនៃការដឹកជញ្ជូនទំនិញនៅកំពង់ផែស្វយ័តក្រុងភ្នំពេញ បានធ្លាក់ចុះប្រមាណជាង៦០% នៅក្នុងឆមាសទី១ នៃឆ្នាំ២០២០ ដោយមកដល់ខែកក្កដា ឆ្នាំ២០២០ វិស័យដឹកជញ្ជូននៅកំពង់ផែក្រុងភ្នំពេញក៏នៅពុំទាន់មានការងើបឡើងវិញបានច្រើននៅឡើយទេ ព្រោះដោយសារតែបញ្ហាកូវីដ១៩ បានបណ្តាលឱ្យរោងចក្រមួយចំនួននៅកម្ពុជាបានបិទនិងបិទផ្អាកបណ្តោះអាសន្ន ខណៈពេលដែលប្រទេសបញ្ជាទិញមួយចំនួនត្រូវបានផ្អាកសកម្មភាព។
តែយ៉ាងណាក៏ដោយលោក ស៊ិន ចន្ធី មើលឃើញថា បើទោះជាកម្ពុជាមានការធ្លាក់ចុះនូវការដឹកជញ្ជូនទំនិញនៅកំពង់ផែស្វយ័តក្រុងភ្នំពេញក៏ពិតមែន ក៏ប៉ុន្តែមកដល់ខែកក្កដានេះ ក្នុងចំណោមវិស័យដឹកជញ្ជូនទាំងអស់ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស គឺវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅតែមានភាពសកម្មជាងវិស័យដឹកជញ្ជូនដទៃទៀត។
បើតាមលោក ស៊ិន ចន្ធី បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការនាំចេញទំនិញភាគច្រើនទៅក្រៅប្រទេសដោយក្នុងនោះផ្នែកវាយនភ័ណ្ឌ(ដូចជា ស្បែកជើង កាបូបជាដើម) និង កសិកម្មផ្នែកផលិតអង្ករ ដែលបានចរាចរនៅក្នុងប្រទេសអាស៊ាន ចិន ជាដើម។
គួរបញ្ជាក់ថា សកម្មភាពការធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូនទំនិញនៅក្នុងប្រទេសកម្ពុជា នៅរយៈពេល៦ខែឆ្នាំ២០២០នេះធ្លាក់ចុះដោយសារទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។ប៉ុន្តែក្រោយពេលកូវីដមានភាពស្ងប់ស្ងាត់ សកម្មភាពដឹកជញ្ជូននៅកម្ពុជាក៏បានមានភាពសកម្មឡើងវិញផងដែរ ទោះបីជាមិនមែនក្នុងចំនួនច្រើនក៏ដោយ។ហើយការនាំចេញអង្ករនៅតែជាវិស័យនាំចេញដែរឈរនៅលំដាប់ទី១។នេះបើតាមការអះអាងរបស់លោក ស៊ិន ចន្ធី៕