ភ្នំពេញ៖គម្រោងផ្លូវនាវាចរណ៍ និង ប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ពីខេត្តកណ្តាល ទៅកាន់ខេត្តកែប នឹងត្រូវដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីអនុម័តឆាប់ៗនេះ។គម្រោងធ្វើឡើងក្រោយពី លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ រយៈពេល២ឆ្នាំ ត្រូវបានអង្គប្រជុំគណកម្មការអន្តរក្រសួងពិនិត្យ និងផ្តល់ការគាំទ្រពេញទំហឹង ដែលគម្រោងនេះនឹងផ្តល់ផលប្រយោជន៍មហិមាសម្រាប់សេដ្ឋកិច្ចជាតិ ជាទីកត់សម្គាល់ និង មិនបណ្តាលឱ្យមានផលអវិជ្ជមានលើផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេល ២ឆ្នាំ យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥។ អ្វីដែលជាទីកត់សម្គាល់ គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ក្នុងកម្រិតមួយខ្ពស់ជាងលើសពី អត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។
បច្ចុប្បន្ន ក្រសួងសាធារណការ បានណែនាំឱ្យក្រុមការងាររៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍សិក្សានេះស្របតាមសំណូមពរ និង តាមស្មារតីនៃអង្គប្រជុំ និងត្រូវរៀបចំរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ ដើម្បីជម្រាបជូនសម្តេច ហ៊ុន សែន និងរៀបចំរបាយការណ៍នៃការសិក្សានេះជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័ត។






