មណ្ឌលគិរី៖កម្លាំងនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែមេសា បានចុះទៅបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង និង បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិវៀតណាម។ទីតាំងបង្ក្រាបនោះស្ថិតនៅក្នុងភូមិម៉េប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។នេះបើយោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
កម្លាំងជំនាញរបស់កម្ពុជា ប្រចាំខេត្តបណ្ឌលគិរី បានចុះបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែងស្ថិត នៅភូមិម៉េប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១.ឈ្មោះ ង្វៀន វ៉ាន់ហ្វាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន ប្រទេសវៀតណាម។ទី២.ឈ្មោះ ហ្វាម វ៉ាន់ថាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន វៀតណាម។
យោងតាមរបាយការណ៍ ផ្ទៃដីដែលជនជាតិវៀតណាម ប្រើប្រាស់សម្រាប់ដាំកញ្ឆា មានទំហំប្រមាណ១ហិតា ទើបនឹងត្រូវបានដាំចន្លោះពី៣ខែទៅ៤ខែប៉ុណ្ណោះ ដោយមិនទាន់ទទួលបានផលនោះទេ ហើយដីសម្រាប់ដាំដើមកញ្ឆានោះ គឺជនជាតិវៀតណាម ជួលពីប្រជាពលរដ្ឋខ្មែរ ខណៈកូនដើមកញ្ឆាទាំងនោះ មានជាង១ម៉ឺនដើម ហើយត្រូវបានសមត្ថកិច្ច ដុតកម្ទេចចោល។
បើតាមរបាយការណ៍ ក្នុងបេសកកម្មនោះ អាជ្ញាធរកម្ពុជា បានចាប់យកបានវត្ថុតាងរួមមាន៖ កញ្ឆាស្ងួតចំនួន ០២កញ្ចប់ ជីគីមីចំនួន ៣០ ការុង ថ្នាំបំប៉នកញ្ឆា២៧កំប៉ុង , កែវជ័របណ្តុះកូនកញ្ឆា ចំនួន ៥០០កែវ , ជញ្ជីងថ្លឹងកញ្ឆាក្រៀម ចំនួន ០៣គ្រឿង ,ម៉ាស៉ីនអ៊ុតកញ្ចប់កញ្ឆា ចំនួន ០៣ គ្រឿង , ថង់វេចខ្ចប់កញ្ឆា ចំនួន ៤៣៨ ថង់ និងសម្ភារជាច្រើនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធី៕