
ព្រះសីហនុ៖ ឧកញ៉ា ទៀ វិចិត្រ ដែលជាអ្នករកស៊ីដ៏មានឥទ្ធិពលចាក់គ្រឹះយ៉ាងរឹងមាំក្នុងខេត្តព្រះសីហនុ ឬហៅថា ជាពាណិជ្ជករកំពុងរះនៅទិសនារតី បានទទួលសិទ្ធិវិនិយោគជាផ្លូវការពីក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ធ្វើការអភិវឌ្ឍនៅលើកោះមួយ ដែលមានទីតាំងស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។គម្រោងនេះ ត្រូវចំណាយលុយវិនិយោគប្រមាណ ៧.៧ លានដុល្លារអាម៉េរិក និងបង្កើតការងារជូនពលរដ្ឋជាច្រើននាក់។
យោងតាមក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ «កោះមួយ» ដែលមានទីតាំងស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានចំណាយប្រមាណ ៥០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និងចម្ងាយប្រមាណ ៤៧ គីឡូម៉ែត្រពីកោះពួឡូវៃ ក្បែរព្រំដែនប្រទេសថៃ។
ប្រភពដដែល បានអះអាងថា គម្រោងគម្រោងវិនិយោគរបស់ឧកញ៉ា ទៀ វិចិត្រនេះ មានតម្លៃប្រមាណ ៧.៧ លានដុល្លារអាម៉េរិក និង បង្កើតឱកាសការងារចំនួន ៤៩ កន្លែង។គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់បង្កើតនូវតំបន់ទេសចរណ៍ក្នុង ខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកខេត្តកាន់តែច្រើនបន្ថែមទៀតសម្រាប់ថ្ងៃអនាគត។
គួរបញ្ជាក់ថា ឧកញ៉ា ទៀ វិចិត្រ ជាអ្នករកស៊ីនៅទិសនារតីដ៏ល្បីល្បាញច្រើនឆ្នាំមកហើយលើវិស័យ ទេសចរណ៍ បដិណ្ឋារកិច្ច ភេសជ្ជៈ ប្រេងឥន្ទនៈ និងអចលនទ្រព្យ ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ លោកជាកូនបង្កើតលោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងបងប្រុសឈ្មោះ ទៀ សុខា មេបញ្ជាការរងយោធាជើងទឹក ជាក្មួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
ក្រៅពីការងារជំនួញលោកឧកញ៉ា ទៀ វិចិត្រ មានតួនាទីបន្ថែមទៀត ជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ,អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ,ប្រធានសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដ,សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង ជាប្រធានក្រុមមនុស្សធម៌អូរបី (O3) ៕
.jpg?1681785116)