ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់ និងភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់។ នេះបេីតាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត។
បេីតាមរបាយការណ៍ ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ២.០៩៨.៥០១ នាក់, ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៤.២៣៧.៧៨០ នាក់, ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៦.៨៥១.៤៩០ នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖ខេត្តសៀមរាប ២.១២០.៣៧៣ នាក់, ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់, ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់, រាធានីភ្នំពេញ ១.០៨០.៥០៩ នាក់, ខេត្តព្រះសីហនុ ៨៨៧.៨៩៣ នាក់, ខេត្តកំពត ៨៧០.៣៩៩ នាក់, ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់, ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់, ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់, ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់។
ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរជាង ១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។
ក្រសួងវាយតម្លៃថា ចរន្តភ្ញៀវដ៏ច្រើនកុះករមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំនេះ គឺបានមកពីការជឿជាក់លើភាពស៊ាំសហគមន៍ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សំបូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធានាបាននូវសុខសន្តិភាពពេញលេញដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស៕