ភ្នំពេញ៖ ក្រុមការងាររៀបចំកម្មវិធីអង្គរសង្រ្កាន្តបានរៀបចំខ្លួនរួចរាល់នៅលើទឹកដីអង្គរ ក្នុងការស្វាគមន៍ទាំងភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ដោយមានរៀបចំតុបតែងយ៉ាងស្អាតខុសប្លែកពីរាល់ឆ្នាំ។
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាកំពុងមមាញឹកក្នុងការរៀបចំកម្មវិធីអង្គរសង្រ្កាន្តដែលនឹងប្រារព្ធអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ ដើម្បីទទួលទេវតាឆ្នាំថ្មី។
ដូចដែលបានដឹងថាប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសយើងបានខកខានក្នុងការប្រារព្ធកម្មវិធីបែបនេះយូរហើយដោយសារតែមានការរំខានពីស្ថានភាពកូវីដ១៩។
ឆ្នាំនេះ ជាឆ្នាំមួយដែលប្រជាជនចាប់ផ្តើមមានអារម្មណ៍រំភើបខុសធម្មតាព្រោះថា ប្រទេសយើងកំពុងតែត្រឡប់មកក្នុងសភាពដើម ជាពិសេសគឺអាចប្រារព្ធកម្មវិធីប្រពៃណីខ្មែរដូចពីមុនវិញដែលសំខាន់ក្នុងការបង្ហាញពីវប្បធម៌ដ៏ផូរផង់នៅលើទឹកដីអង្គរ។
ឆ្នាំនេះ ភ្ញៀវទេសចរណ៍បាននាំគ្នាមកទស្សនាអង្គរវត្តបានច្រើន ដោយសារតែមានកម្មវិធីពិសេសជាច្រើនកំពុងទន្ទឹងរង់ចាំស្វាគមន៍ដូចជាការដាក់បង្ហាញនូវសម្ភារៈនិងឧបករណ៍យក្សផ្សេងៗ ការបង្ហាញពីវប្បធម៌នៃការរស់នៅប្រជាជនខ្មែរ ការលេងល្បែងប្រជាប្រិយ និងការកម្សាន្តជាច្រើនទៀតដែលនឹងបង្កភាពសប្បាយរីករាយក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរនេះ។