Cctimesw1140xh150cm copy

«ការអប់រំបៃតង»ផ្តល់ឱ្យសិស្សនូវបំណិនដោះស្រាយបញ្ហានិងអកប្បកិរិយាជាពលរដ្ឋសកល

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គការយូណេស្កូបានផ្តល់និយមន័យដល់ការអប់រំបៃតង ថាជាកិច្ចខិតខំប្រឹងប្រែងក្នុងការអប់រំអំពីមុខងារ នៃបរិស្ថាន និងជាពិសេសអំពីការគ្រប់គ្រងអកប្បកិរិយា និងអេកូស៊ីស្ដែមរបស់មនុស្ស ដើម្បីការរស់នៅប្រកបដោយនិរន្តរភាព។ ការអប់រំបៃតង ដោយផ្តោតលើសម្បទា (Competency-Based Green Education) នឹងផ្តល់ទៅកាន់សិស្សានុសិស្សនូវបំណិនដោះស្រាយបញ្ហា ពុទ្ធិត្រិះរិះពិចារណា និងអកប្បកិរិយាជាពលរដ្ឋសកល ក៏ដូចជាការភ្ញោចឱ្យមានឆន្ទៈ ដើម្បីចូលរួម ឬ ទាមទារឱ្យមានសកម្មភាពនៅកម្រិតមូលដ្ឋានជាតិ និងសកល។

ការបង្កើតកាលានុវត្តភាពសម្រាប់និរន្តរភាពបរិស្ថានតាមរយៈការអប់រំ ជាប្រការចាំបាច់ ដែលត្រូវស្ថិតនៅ ក្នុងចង្កោមសកម្មភាពជាអាទិភាព សម្រាប់បច្ចុប្បន្ន និងអនាគត នៃភពផែនដី។ ការទទួលស្គាល់ថាកល្លិយុគធម្មជាតិ ឬ មហន្តរាយផ្សេងៗ ដែលកើតឡើងដោយសារគ្រោះធម្មជាតិ សុទ្ធតែមានផលប៉ះពាល់ចំពោះមនុស្សគ្រប់គ្នា គឺជាកត្តាលីករចាំបាច់សម្រាប់ការដាក់ចេញជាសកម្មភាព និងយុទ្ធសាស្ត្រ ដែលមានភាពចែករំលែកក្នុង«ការអប់រំបៃតង» ដែលប្រការនេះ មនុស្សទាំងឡាយដែលមានការពាក់ព័ន្ធក្នុងវិស័យអប់រំ (សិស្សានុសិស្ស គ្រូ សាលារៀនសហគមន៍) នឹងត្រូវចូលរួមជាផ្នែកមួយដំណោះស្រាយទាំងអស់គ្នា។

ការអប់រំបៃតង ដោយផ្តោតលើសម្បទា នឹងផ្តល់ទៅកាន់សិស្សានុសិស្សនូវបំណិនដោះស្រាយបញ្ហា ពុទ្ធិត្រិះរិះពិចារណា និងអកប្បកិរិយាជាពលរដ្ឋសកល ក៏ដូចជាការភ្ញោចឱ្យមានឆន្ទៈ ដើម្បីចូលរួម ឬ ទាមទារឱ្យមានសកម្មភាពនៅកម្រិតមូលដ្ឋានជាតិ និងសកល។ ការទទួលបានសម្បទាអប់រំ ដែលបណ្តុះចេញពីការអប់រំបៃតង នឹងអនុញ្ញាតដល់សិស្សានុសិស្សឱ្យយកឈ្នះលើភាពមិនចុះសម្រុងផ្នែកបញ្ញា (Cognitive Dissonance) ដែលកើតចេញពីការយល់ដឹងពីបញ្ហា តែពុំមានតួអង្គណា ដែលធ្វើ សកម្មភាព ដើម្បីដោះស្រាយបញ្ហានោះ គឺសម្បទាអប់រំ ដែលបណ្ដុះចេញពីការអប់រំបៃតងនេះហើយ ដែលសិស្សា នុសិស្ស អាចមានសមត្ថភាពពេញលេញធ្វើជាតួអង្គឈានមុខក្នុងការដោះស្រាយបញ្ហា។

ទោះបីជាទស្សនាទាននៃ«ការអប់រំបៃតង» ត្រូវបានទទួលស្គាល់ពីសារៈសំខាន់ និងទទួលបានការគាំទ្រពី គ្រប់មជ្ឈដ្ឋានក៏ដោយ ក៏ការចាប់ផ្តើមអនុវត្តប្រតិសន្ធិបៃតង (Green Transition) នៅក្នុងការអប់រំ នៅពុំទាន់បានសម្រួចជាអភិក្រមរួមគ្នានៅឡើយ (Holistic Approach)។ បញ្ហាចម្បងបំផុតនៅ ដំណាក់កាល នៃការលើក កម្ពស់ការយល់ឃើញរួមគ្នា គឺកើតឡើងត្រង់ចំណុចថាភាគច្រើន នៃអ្នកជំនាញផ្នែកអប់រំ បានទាមទារបង្កើត «កម្មវិធីកំណែទម្រង់ការអប់រំបៃតង» ដែលដាច់ដោយឡែកចេញពីកំណែទម្រង់ផ្សេងទៀត ដែលកំពុងដំណើរ។

គួរបញ្ជាក់ថា ការអប់រំបៃតង ត្រូវរៀបចំក្នុងទិដ្ឋភាពពហុវិស័យ ដើម្បីបញ្ជ្រាបទៅក្នុងការអប់រំជាលក្ខណៈចំរុះ ដូចជាកម្រិតមុខវិជ្ជា (ជីវវិទ្យា គីមីវិទ្យា រូបវិទ្យា ផែនដីវិទ្យា) ឬ បណ្ដុំនៃមុខវិជ្ជា (វិទ្យាសាស្ត្រធម្មជាតិ វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រមូលដ្ឋាន) ឬ កម្មវិធីសិក្សា (ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំសិល្បៈសេរី)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង