ភ្នំពេញ៖ គិតមកដល់ពេលនេះ សណ្ឋាគារ ផ្ទះសំណាក់នៅខេត្តសៀមរាបជាង៩០%ត្រូវបានកក់ទុកសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៣នេះ ខណៈព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំនេះគឺត្រូវបានរៀបចំឡើងជាលក្ខណៈទ្រង់ទ្រាយធំជាងកាលមុនវិបត្តិកូវីដ-១៩ ដោយសារឆ្នាំនេះជាខួបទី១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន។ នេះជាការលើកឡើងរបស់លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ស៊ីស៊ីថាមស៍។
លោក តុប សុភ័ក្រ បានលើកឡើងថា កាលពីឱកាសចូលឆ្នាំខ្មែរកាលពីឆ្នាំ២០២២កន្លងទៅនេះ មានភ្ញៀវទេសចរជាង៥លាននាក់បានដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ដូចនេះសម្រាប់ឆ្នាំ២០២៣នេះភ្ញៀវទេសចរដែលដើរកម្សាន្តក៏មានមិនក្រោម៥លាននាក់ដែរ ហើយនេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ។
លោកបន្តថា ជាពិសេសព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំនេះគឺត្រូវបានរៀបចំឡើងជាលក្ខណៈទ្រង់ទ្រាយធំជាងកាលមុនវិបត្តិកូវីដ-១៩ ដោយសារឆ្នាំនេះជាខួប១០ឆ្នាំ ហើយលោកជឿថាព្រឹត្តិការណ៍នេះនឹងអាចទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនមកកម្សាន្តនៅខេត្តសៀមរាប ហើយជាការប៉ាន់ស្មានខេត្តសៀមរាបអាចទទួលបានភ្ញៀវទេសចរមិនក្រោម២លាននាក់ឡើយក្នុងរយៈពេល០៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ។
លោកបញ្ជាក់ថា មកដល់ម៉ោងនេះ សណ្ឋាគារ ផ្ទះសំណាក់គឺត្រូវបានកក់ជាង៩០% ដូចនេះអាចនិយាយបានថាភ្ញៀវទេសចរដែលទៅកម្សាន្តនៅខេត្តសៀមរាបគឺមានចំនួនច្រើន ទន្ទឹមនឹងនេះ នៅតាមបណ្ដាខេត្តផ្សេងៗទៀតក៏មានការរៀបចំព្រឹត្តិការណ៍សង្រ្កានដូចគ្នា ហើយក៏មានការរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗទៀតសម្រាប់អបអរសាទរបុណ្យចូលឆ្នាំខ្មែរ ហើយលំហូរទេសចរណ៍គឺផ្លាស់ប្ដូរពីខេត្តមួយទៅខេត្តមួយ។
គោលដៅទេសចរ៍ធំៗដូចជា សៀមរាប ព្រះសីហនុ កំពត កែប បាត់ដំបង ពោធិ៍សាត់ និងខេត្តគៅលដៅទេសចរណ៍ផ្សេងៗទៀត គឺសុទ្ធតែជាគោលដៅទេសចរណ៍ដែលធ្លាប់ទទួលបានភ្ញៀវទេសចរណ៍ច្រើន ហើយសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះក៏មិនមានភាពខុសគ្នាប៉ុន្មានដែរ ជារួមចរន្តភ្ញៀវទេសចរគឺបំពេញឱ្យគ្នាទៅវិញទៅមក ហើយក៏មិនអាចទាន់សន្និដ្ឋានបានថាខេត្តជាគោលដៅទេសចរណ៍ណាមួយដែលទទួលបានភ្ញៀវច្រើមនជាងគេនោះដែរ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងទេសចរណ៍៕