មណ្ឌលគិរី៖ កុមារជនជាតិភាគតិចព្នងចំនួន ៤៦៦នាក់ មកពីសាលាបឋមសិក្សាចំនួន៤ បានចូលរួមវគ្គសិក្សានៅក្នុងកម្មវិធីសិក្សាក្រៅម៉ោង ក្រោមជំនួយពី អង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិ។ ជនជាតិភាគតិចព្នង ស្ថិតក្នុងចំណោមប្រជាជនដែលមានជីវភាពក្រីក្របំផុតក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានឱកាសសិក្សានៅមានកម្រិត ដែលជាហេយុធ្វើឲ្យយុវជនជាច្រើនបានបោះបង់ចោលការសិក្សារបស់ពួកគេ។
សហគមន៍ជនជាតិភាគតិចព្នងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអបិយជំនឿ វប្បធម៌ និងប្រកបជីវភាពរស់នៅពឹងផ្អែកលើព្រៃឈើ ប៉ុន្តែពួកគាត់ស្ថិតក្នុងចំណោមប្រជាជនដែលមានជីវភាពក្រីក្របំផុតក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានឱកាសសិក្សានៅមានកម្រិត ដែលជាលទ្ធផលធ្វើឱ្យលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតរបស់គាត់មានតិចតួច។ យុវជនជាច្រើនបានបោះបង់ចោលការសិក្សារបស់ពួកគេ ដែលមិនអាចឱ្យពួកគេទទួលបានឱកាសការងារទូលំទូលាយជាងនេះ។
គម្រោង USAID មរតកបៃតងបានកសាងសមត្ថភាពដល់សហគមន៍ជនជាតិដើមភាគតិចព្នង ដើម្បីពង្រឹងការអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ដើម្បីថែរក្សាវប្បធម៌ អត្តសញ្ញាណ និងទំនៀមទំលាប់ប្រពៃណីជនជាតិដើមភាគតិចព្នង ត្រូវចាប់ផ្តើមពីការចូលរួមរបស់កុមារជំនាន់ក្រោយតាមរយៈក្លឹបសិក្សាក្រៅម៉ោង (After School Clubs) ដែលមកពីសាលាបឋមសិក្សាចំនួន ៤ រួមមាន សាលាបឋមសិក្សាអណ្តូងក្រឡឹង ពូជូ ពូរាំង និងសាលាបឋមសិក្សាពូសាម។
សិស្សសរុបចំនួន ៤៦៦នាក់ ក្នុងនោះមានស្រីចំនួន ២៥៧ នាក់ បានចូលរួមក្នុងសកម្មភាពផ្សេងៗ និងវគ្គសិក្សានៅក្នុងកម្មវិធីសិក្សាក្រៅម៉ោងទាំងនេះ។ ក្លឹបសិក្សាក្រៅម៉ោងទាំងនេះកំពុងលើកទឹកចិត្តយុវជនឱ្យបន្តការសិក្សានៅក្នុងសាលារៀន ការលើកកម្ពស់គុណភាពនៃការអប់រំបឋមសិក្សា និងមោទនភាពចំពោះអត្តសញ្ញាណ និងវប្បធម៌។ បន្ថែមពីនេះ ពួកគេកំពុងលើកកម្ពស់ការអប់រំបែបអភិរក្ស សិល្បៈជនជាតិដើមភាគតិច និងកីឡានៅក្នុងកម្មវិធីក្រៅម៉ោងសិក្សាមូលដ្ឋាន ក៏ដូចជាកម្មវិធីសិក្សាសិល្បៈច្នៃប្រឌិត និងការសម្ដែងសិល្បៈរបស់ជនជាតិដើមភាគតិចព្នង៕