Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជារំពឹងថាប៉េរូនឹងជួយផ្សព្វផ្សាយដល់វិនិយោគិនខ្លួនឱ្យមកវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ កម្ពុជារំពឹងថាប៉េរូនឹងធ្វើការផ្សព្វផ្សាយដល់វិនិយោគិនខ្លួនឱ្យមកទស្សនាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ពិសេសលើវិស័យកសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងវិស័យទេសចរណ៍ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ នេះជាការរំពឹងទុករបស់ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋប៉េរូ (Republic of Peru) នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងជំនួបនេះ ឯកឧត្តម កឹម ស៊ីថន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៉េរូ ជាពិសេសការអញ្ជើញមកជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម សំដៅធ្វើការរួមគ្នាក្នុងការគាំទ្រ និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើឡើងបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានសម្ដែងការអបអរសាទរចំពោះការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសប៉េរូប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តម មានទំនុកចិត្តថា ទំនាក់ទំនងកម្ពុជា និងប៉េរូនឹងកាន់តែរឹងមាំលើគ្រប់វិស័យ។

ក្នុងឱកាសនោះ ឯកឧត្តម រីខាដូ អេសស្តានីសឡាវ ម៉ូរ៉ូត ខាណាឡេស (Ricardo Estanislao Morote Canales) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៉េរូ បានជម្រាបជូនអំពីផលិតផលពាណិជ្ជកម្ម ដែលប្រទេសប៉េរូបាននាំចេញ-នាំចូល ក៏ដូចជាបានចែករំលែកបទពិសោធន៍នៃការផលិតខ្លះៗផងដែរ។

បន្ថែមពីនេះ ឯកឧត្តម កឹម ស៊ីថន សង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងធ្វើការផ្សព្វផ្សាយដល់វិនិយោគិនប៉េរូឱ្យមកទស្សនាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ពិសេសលើវិស័យកសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងវិស័យទេសចរណ៍ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង