Yearendyearend1140x150

យុវជន៥០០នាក់ចេញដំណើរទៅសៀមរាប ដើម្បីចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមយុវជនស្ម័គ្រចិត្តប្រមាណជិត៥០០នាក់ នៅថ្ងៃទី ១០ មេសានេះ បានចេញដំណើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប

ភ្នំពេញ៖ ក្រុមយុវជនស្ម័គ្រចិត្តប្រមាណជិត៥០០នាក់ នៅថ្ងៃទី ១០ មេសានេះ បានចេញដំណើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមរៀបចំការងារនានាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ១៤ មេសាខាងមុខនេះ។ការចេញដំណើររបស់ក្រុមយុវជននេះ រៀបចំឡើងដោយមានការដឹងនាំដោយផ្ទាល់ពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

តាំងពីព្រឹកព្រលឹមគេឃើញមានក្រុមយុវជនស្ម័គ្រចិត្តជាច្រើនរយនាក់ បានមកប្រមូលផ្តុំគ្នានៅបរិវេណកោះពេជ្រ អមជាមួយរថយន្តជាច្រើនគ្រឿងដើម្បីដឹកក្រុមយុវជនចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប។លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

បើតាមលោក ហ៊ុន ម៉ានី ក្រុមយុវជនស្ម័គ្រចិត្តប្រមាណ ៥០០ នាក់ បានចេញដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមខ្លួនក្នុងការទទួលបងប្អូនភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលនឹងចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៣នេះ។លោកថា តាមកាលវិភាគរៀបចំចេញដំណើរ យុវជនស្ម័គ្រចិត្តរបស់យើងនឹងចេញដំណើរជាបន្តបន្ទាប់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ដែលមានទស្សនីយភាព ការតាំងបង្ហាញមរតកវប្បធម៌ដូនតា ក៏ដូចជាកម្មវិធីកំសាន្តជាច្រើននៅតាម ០៦ ទីតាំងធំៗគឺ បរិវេណប្រាសាទអង្គរវត្ត ព្រះលានជល់ដំរី តំបន់អង្គរ-ឃ្យុងយូ សួនច្បារព្រះរាជដំណាក់ ដងស្ទឹងសៀមរាប និង តំបន់ផាប់ស្រ្ទីត។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ រៀបចំឡើងក្រោយពីខកខានអស់រយៈពេល ៤ឆ្នាំ ពោលគឺក្នុងឆ្នាំ២០២០ និង ឆ្នាំ២០២១ ដោយសារការរាលដាលជំងឺកូវីដ-១៩ ខណៈក្នុងឆ្នាំ២០២២ បានចាប់ផ្តើមរៀបចំត្រឹមកម្មវិធីសៀមរាបសង្ក្រាន្ត ក្នុងខេត្តសៀមរាប។ការត្រលប់មកវិញនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្របពេលជាខួបលើកទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

កម្មវិធីគម្រោងធំៗជាច្រើននឹងកើតមានឡើងនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខួបទី១០ឆ្នាំ ក្រោមប្រធានបទ «ក្តីស្រមៃ និង ក្តីសង្ឃឹម» ហើយផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនរួមមាន ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពផ្ទះខ្មែរ ផ្ទះសិល្បៈទស្សនីយភាព ផ្ទះសេដ្ឋី ផ្ទះនំ សាលាឆទាន នឹងវិលត្រលប់មកវិញនៅឆ្នាំនេះ។

បើតាមគម្រោង ក្នុងព្រឹត្តិការណ៍អងុ្គរសង្ក្រាន្តខួបទី១០ឆ្នាំ ឆ្នាំ២០២៣នេះ មានការបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សូនម្ដងទៀត ដោយមានអ្នកចូលរួមរាំលើសពី ២០១៥នាក់ ដែលជាចំនួនកំណត់ត្រាឯតទគ្គកម្មពិភពលោកកាលពីឆ្នាំ២០១៥។

ជារួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ នឹងក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក ព្រមទាំងផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់អំពីភាពរុងរឿង លី្បល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និង បន្តថែរក្សាកេរ្តិ៍មរតឲ្យបានគង់វង្ស និង បន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង