Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-តួកគីពិភាក្សាគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មតួកគី បានជួបពិភាក្សាការងារក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងពិគ្រោះយោបល់លើលទ្ធភាពរៀបចំការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សានេះធ្វើឡើងនារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធវីដេអូ រវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជាមួយឯកឧត្តម Hüsnü Dilemre អគ្គនាយកទទួលបន្ទុកកិច្ចព្រមព្រៀងអន្តរជាតិនិងកិច្ចការសហភាពអឺរ៉ុប នៃក្រសួងពាណិជ្ជកម្មតួកគី និងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ភាគីទាំងពីរ។

បើតាមក្រសួងពាណិជ្ជកម្ម គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និងពិគ្រោះយោបល់លើលទ្ធភាពក្នុងការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច និងស្វែងយល់ពីលទ្ធភាពក្នុងការរៀបចំបង្កើតកិច្ចព្រមព្រៀងភាពនេះ។

នាឱកាសនេះ ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរយោបល់ជុំវិញយន្តការនានា សំដៅបន្តលើកកម្ពស់ការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យមានការសហការស្អិតរមួតរវាងវិស័យឯកជន ពិសេសសភាពាណិជ្ជកម្មប្រទេសពីរ ។

ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើលទ្ធភាពក្នុងការរៀបចំនូវការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ដើម្បីវិភាគលើផលចំណេញសេដ្ឋកិច្ច និង លទ្ធភាពរៀបចំកិច្ចព្រមព្រៀងភាពភាពជាដៃគូសេដ្ឋកិច្ច(Economic Partnership Agreement) ឬ ក្រោមទំរង់ណាមួយនាពេលខាងមុខ ក្រោយលទ្ធផលនៃការសិក្សាបញ្ចប់។

គួរបញ្ជាក់ថា ក្នុងឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបានប្រមាណ ១៥២ លានដុល្លាអាម៉េរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៧០% បើធៀបនឹងឆ្នាំ២០២១។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅកាន់តួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន៖ វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង