កំពង់ស្ពឺ៖ ចម្ការ«ទំពាំងបាយជូរ»ក្នុងខេត្តកំពង់ស្ពឺ កំពុងប្រមូលផលរបស់ខ្លួនដ៏មមាញឹក ខណៈទិន្នផលនៅឆ្នាំនេះល្អជាងឆ្នាំមុនដោយអំណោយផលពីធម្មជាតិ។ លោក ជួន ថាបូរ៉ា ជាម្ចាស់ចម្ការទំពាំងបាយជូរមួយកន្លែង នៅក្នុងខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចម្ការទំពាំងបាយជូររបស់លោក បានចាប់ផ្តើមប្រមូលផលតាំងពីចុងខែមីនាមកម្លេះ ដោយក្នុងមួយថ្ងៃប្រហែល១០០គីឡូក្រាម។
លោកបានបន្តថា បច្ចុប្បន្ននេះទំពាំងបាយជូររបស់លោក ទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ និងខ្លះទៀតបានមកទស្សនាទេសចរកំសាន្តក្នុងចម្ការទំពាំងបាយជូររបស់លោក។ លោកថា បច្ចុប្បន្ននេះទំពាំងបាយជូរ ដែលប្រមូលផលបានលក់ក្នុងតំបន់ និងផ្លែមិនល្អលោក ជាមួយភរិយាកែច្នៃធ្វើជាស្រាក្រហមដោយអនុវត្តគុណភាពត្រឹមត្រូវ ដោយសារលោកមានបទពិសោធន៍ធ្វើស្រាក្រហមពីក្រៅប្រទេសផងដែរ។
លោក ជួន ថាបូរ៉ា ជាម្ចាស់ចម្ការទំពាំងបាយជូរមួយកន្លែង នៅក្នុងខេត្តកំពង់ស្ពឺ។លោកបានពួកសំងំខ្លួនជាមួយ និង ភរិយា រៀបចំចម្ការដាំផ្លែទំពាំងបាយជូរប្រមាណជាង១៤ហិតា។ លោក និងភរិយាបានបង្ហើបពីគម្រោងរបស់ខ្លួនថា “លោកមានមហិច្ឆតាផលិតទំពាំងបាយជូរហូបផ្លែ និងស្រាក្រហម ដែលជាស្នាដៃខ្មែរ សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
សព្វថ្ងៃលោកមានពូជទំពាំងបាយជូរមិនក្រោម១០ប្រភេទនោះទេ មានទាំងពូជព្រៃខ្មៅ និងក្រហម ចំណែកពូជហូបផ្លៃក៏មានច្រើនប្រភេទដែរដូចជាពូជអត់គ្រាប់ពីអាម៉េរិក ,ពូជធ្វើស្រាពីប្រទេសជប៉ុន,បារាំង និងអ៊ីតាលី និងមានពូជធ្វើតំណាប់របស់ឥណ្ឌាផងដែរ។ ទម្រាំដាំដុះដំណាំទំពាំងបាយជូរបានដូចសព្វថ្ងៃនេះ តម្រូវឲ្យលោកចំណាយដើមទុនមិនក្រោមកន្លះលានដុល្លារនោះទេ ហើយការចំណាយច្រើនបែបនេះ ក៏ដោយសារតែលោកមិនមានបទពិសោធន៍ដាំដុះ និងជួបផលលំបាកជាច្រើនតាំងពីចាប់ផ្ដើមដាំ ដូចជាជួបគ្រោះធម្មជាតិជាដើម៕