ភ្នំពេញ៖ យុវជន ហែម សុភេម ជាស្ថាបនិកនិស្សិតប្លាស្ទិក ដែលបានបង្កើតឡើងនៅក្នុងខែមិថុនាឆ្នាំ២០២២ ដើម្បីកៀរគរនិស្សិតឲ្យចូលរួមជាមួយ «និស្សិតប្លាស្ទិច» ដើម្បីបញ្ឈប់បញ្ហាការចោលសំរាមពាសវាលពាសកាល ក៏ដូចជាផ្លាស់ប្ដូរទម្លាប់របស់មនុស្សក្នុងការចោលសំរាមពាសវាលពាសកាល ត្រឡប់មកទុកដាក់សម្រាមបានត្រឹមត្រូវ។ តាមរយៈការចែករំលែកនូវសកម្មភាពប្រមូលសំរាម នៅលើបណ្ដាញសង្គម យុវជនរូបនេះសង្ឃឹមថាអាចផ្លាស់ទម្លាប់របស់របស់មនុស្សក្នុងការចោលសំរាម ហើយប្រសិនបើពួកគេ ឃើញនូវសកម្មភាពទាំងអស់នេះ ហើយនៅតែបន្ដទុកដាក់សំរាមគ្មានសណ្ដាប់ធ្នាប់ទៀត គ្មានវិធានការណ៍អ្វីអាចកែប្រែមនុស្សបែបហ្នឹងបានទេ។
យុវជន ហែម សុភេម បានប្រាប់ស៊ីស៊ីថាមស៍ថា បញ្ហាសំរាមប្លាស្ទិកជាបញ្ហាប្រឈមមួយ សូម្បីតែមហាវិទ្យាល័ដែលកំពុងសិក្សា ក៏សម្បូរទៅដោយសំណល់ប្លាស្ទិច ដែលភាគច្រើនត្រូវបានចោលដោយនិស្សិត ហើយនិស្សិតជាអ្នកដែលបានសិក្សាខ្ពង់ខ្ពស់ ប៉ុន្ដែនៅតែមានបញ្ហាបែបនេះ។ ទាំងនេះ ហើយដែលជំរុញខ្លួនបង្កើត «និស្សិតប្លាស្ទិច» ដើម្បីកៀរគរនិស្សិត ឲ្យចូលរួមជាមួយ«និស្សិតប្លាស្ទិច» ក្នុងបញ្ឈប់បញ្ហាការចោលសំរាមពាសវាលពាសកាល។ ជាពិសេស«និស្សិតប្លាស្ទិច» ចង់ផ្លាស់ប្ដូរទម្លាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនដែលតែងតែបោះចោលសម្រាមក្រៅធុងសំរាម មកទុកដាក់សំរាមឲ្យបានត្រឹមត្រូវវិញ។
យុវជនមកពីខេត្តកំពង់ឆ្នាំងរូបនេះ បន្ដថា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមនិស្សិតប្លាស្ទិច បានសម្អាតសំណល់ប្លាស្ទិកនៅតំបន់ជាច្រើន នៅក្នុងក្រុងភ្នំពេញ ដូចជាបឹងកក់ ជ្រោយចង្វារ ប្រឡាយលូទឹកស្អុយ (បឹងសាឡាង និង ស្ទឹងមានជ័យ) និងមានតំបន់ជាច្រើនទៀត។ តំបន់ដែលបានប្រមូលសំរាមហើយនៅស្អាតបានយូរគឺ បឹងកក់ ប៉ុន្ដែភាគច្រើនតំបន់បានដែលសម្អាតហើយ នៅតែបន្ដមានសំណល់ប្លាស្ទិចដដែល។ ជាក់ស្ដែងថ្មីៗនេះ នៅប្រឡាយលូស្ទឹងមានជ័យ ទើបតែប្រមូលសំណល់ប្លាស្ទិច និងសំរាមផ្សេងៗទៀត ជិត៤០០បេ ហើយឥលូវនេះសំរាមនៅទីនោះកើនឡើងច្រើនជាងពីមុនស្ទើរតែ២ដង។
យុវជន សុភេម បានឲ្យដឹងទៀថា នៅពេលប្រមូលសំរាមនៅក្នុងទឹកម្ដងៗ ពេលខ្លះក៏មានមុតអំបែងដប ឬ អំបែកែវ ពេលខ្លះក៏ស្ទើរតែធ្វើឲ្យខ្លួនឯងលង់ទឹក ហើយវាក៏ពិបាកប្រម៉ៃដែរ ប្រសិនបើលង់ទឹកនៅក្នុងទឹកស្អុយបែបនេះ។ មានពេលខ្លះទៀត ក៏មានអ្នកយកសំរាមមកទម្លាក់នៅក្នុងទឹក ស្ទើរតែត្រូវក្បាល ថែមទៀតទៀតផង។
យុវជនវ័យ២១ឆ្នាំរូបនេះ បានបន្ដទៀតថា សកម្មភាពនៃការរើសសំរាមមិនបានជួយសង្គម និងបរិស្ថាន បានច្រើនទេ ប៉ុន្ដែអ្វីដែលនិស្សិតប្លាស្ទិចអាចជួយបានច្រើនគឺការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។ មកដល់បច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានឃើញនូវសកម្មភាពរបស់ពួកយើង តាមរយៈវីដេអូ និងរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គម។ ដូច្នេះមនុស្សដែលបានឃើញសកម្មភាពរបស់យើង ពួកគេកំពុងទទួលបានការអប់រំដោយប្រយោល ពាក់ព័ន្ធបញ្ហាសំរាមនេះ។ យ៉ាងហោចណាស់ក៏ពួកគេចាប់ផ្ដើមគិតថា បញ្ហាសំណល់ប្លាស្ទិច ជាបញ្ហាមួយដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។
ការចោលសំរាមបែបនេះជាទម្លាប់ដ៏អាក្រក់បំផុត ហើយនិស្សិតប្លាស្ទិច ក៏ចង់ផ្លាស់ប្ដូរទម្លាប់បែបនេះដែរ ប៉ុន្ដែការផ្លាស់ប្ដូរនេះ ក៏ពឹងទៅលើមនុស្សដែរ បើពួកគេអាចផ្លាស់ប្ដូរបានគឺអាចហើយ ប៉ុន្ដែប្រសិនពួកគេឃើញសកម្មភាពរបស់ក្រុមពួកយើងហើយ នៅតែបន្ដបោះចោលសំរាមពាសវាលពាសកាលទៀត គ្មានវិធានការណ៍ណាដែលអាចកែប្រែមនុស្សបែបហ្នឹងបានទេ។
គួរបញ្ជាក់ថា ៩០%នៃសំរាមដែលនិស្សិតប្លាស្ទិចប្រមូលបាន គឺយកទៅដាក់នៅទីលានចាក់សំរាម ហើយពួកគេក៏ចង់យកសំរាមដែលប្រមូលបាន មកកែច្នៃឡើងវិញ ប៉ុន្ដែបច្ចុប្បន្ននេះ និស្សិតប្លាស្ទិច មិនមានលទ្ធភាពក្នុងការដឹកជញ្ជូន និងសម្អាតសំរាមទាំងអស់ដែលប្រមូលបាន ទៅមជ្ឈមណ្ឌលកែច្នៃនៅឡើយទេ។ ហើយនិស្សិតប្លាស្ទិចក៏ធ្លាប់បាននិយាយជាមួយអង្គការ ឬក៏ស្ថាប័នផ្សេងៗ ប៉ុន្ដែខ្វះអ្នកផ្គត់ផ្គង់នៅក្នុងការយកសំរាមដែលប្រមូលបានទៅដល់មជ្ឈមណ្ឌលកែច្នៃ៕