
ភ្នំពេញ៖ គណៈប្រតិភូនៃសមាគមសម្ពន្ធសហគ្រាសធុនតូច និងមធ្យមសកល (Global Alliance of SMEs) ដែលជាសមាគមវិនិយោគអន្តរជាតិមកពីប្រទេសចិននោះ កំពុងបំពេញទស្សនកិច្ចស្វែងយល់ និងសម្លឹងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះក៏បានចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍ផងដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ឯកឧត្ដម ឆាវ ហ្វាង (Cao Fang) អគ្គលេខាធិការសមាគម បានចូលជួបពិភាក្សាជាមួយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។ នាឱកាសនោះ ឯកឧត្ដម ឆាវ ហ្វាង បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសមាគម Global Alliance of SMEs នៅកម្ពុជានេះ គឺដើម្បីសម្លឹងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះសមាគមរបស់ឯកឧត្ដមក៏បានចាប់អារម្មណ៍លើការ វិនិយោគវិស័យ ទេសចរណ៍ផងដែរ ដូច្នេះហើយទើបស្នើសុំចូលជួបពិភាក្សាជាមួយភាគីក្រសួងទេសចរណ៍។
ឯកឧត្ដម ឆាវ ហ្វាង បានរៀបរាប់ថា សមាគមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាលក្ខណៈអន្តរជាតិ ហើយសមាគមនេះត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសហគ្រិនឆ្នើមដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍទូទៅប្រទេសផ្សេងៗ។ បច្ចុប្បន្ននេះការិយាល័យទំនាក់ទំនងនៃសមាគម Global Alliance of SMEs ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន កម្ពុជា ថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង ជប៉ុន ទីក្រុងហុងកុង ទីក្រុងម៉ាកាវ ក្រិក អារ៉ាប់រួម អាហ្វ្រិកខាងត្បូង តួកគី បារាំង អ៉ីតាលី អាល្លឺម៉ង់ សហរដ្ឋអាម៉េរិក នូវែលសេឡង់ អូស្ត្រាលី រុស្ស៊ី និងតំបន់ផ្សេងទៀត។
ឯកឧត្ដមបានបន្តថា សមាគម Global Alliance of SMEs មានគោលបំណងផ្ដោតលើការតភ្ជាប់ទំនាក់ទំនង និងការប្រឹក្សាយោបល់រួមគ្នារវាងចិននិងកម្ពុជា និងរួមគ្នាចែករំលែកយុទ្ធសាស្ត្រឈ្នះ-ឈ្នះទាំងអស់គ្នា ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសហគ្រិនមកពីជុំវិញពិភពលោក សំដៅចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ឯកឧត្ដមបញ្ជាក់ថា កិច្ចការទាំងអស់របស់សមាគម Global Alliance of SMEs គឺប្រព្រឹត្តទៅក្រោមគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោកប្រធានាធិបតី ស៊ី ជិនពីង ជាប្រមុខ។
គួរបញ្ជាក់ថា រយៈពេល៣ខែដើមឆ្នាំនៃឆ្នាំ២០២៣ (មករា-មីនា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១.២លាន ហើយក្នុងកំណើនជាង៧១៨ % ក្នុងនោះទេសចរចិនប្រមាណ១២ម៉ឺននាក់៕


