
ខេត្តព្រះវិហារ៖ សហគមន៍កសិកម្មភ្នំពេជ្របុរី នៅខេត្តព្រះវិហារ កាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានចុះហត្ថលេខាទទួលហិរញ្ញប្បទានឥតសំណង៤០% ផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដើម្បីធ្វើជាទុនបង្វិលទិញ-លក់ដំឡូងមីស្រស់ និងស្ងួតពីសមាជិកជាផលិករ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
នាឱកាសនោះ លោក ឆែម អួត តំណាងសហគមន៍កសិកម្មភ្នំពេជ្របុរីបានឱ្យដឹងថា កិច្ចព្រមព្រៀងនៅថ្ងៃនេះអាចជួយដោះស្រាយបញ្ហាមួយចំនួន ដែលសហគមន៍កំពុងជួបប្រទះដូចជាខ្វះឃ្លាំងស្តុកដំឡូងមីស្ងួត ផ្លូវដឹកជញ្ជូនផលកសិកម្ម ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ទុនបង្វិលទិញសម្រាប់លក់ដំឡូងមី ជួយធានាតំលៃទីផ្សារដំឡូងមី។
តាមផែនការ សហគមន៍កសិកម្មភ្នំពេជ្របុរី គ្រោងអនុវត្តផែនការអាជីវកម្មរបស់ខ្លួនរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដើម្បីកែលម្អខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទំហំផលិតកម្មដំឡូងមីសរីរាង្គស្រស់ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ បរិមាណ៨៤៩៨តោន/ឆ្នាំ ឬ ២៦ ៨៧២តោនក្នុងរយៈពេល៣ឆ្នាំ និងផលិតកម្មដំឡូងមីស្ងួតនូវបរិមាណ៣៨០៧តោន/ឆ្នាំ ឬ១២ ៩២១តោនរយៈពេល៣ឆ្នាំ ដែលអាចបង្កើនប្រាក់ចំណូលជាមធ្យមចំនួន ៧៨៩ ៩៥២ ដុល្លារអាម៉េរិកក្នុង១ឆ្នាំ ឬ ជាង ២.៦ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៣ឆ្នាំ៕


