
ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុននាំចូលរថយន្តស៊េរីទំនើបៗនៅកម្ពុជាមួយចំនួនត្រូវបានបិទទ្វារ ព្រោះក្រុមហ៊ុនពុំអាចមានលទ្ធភាពប្រកួតប្រជែងជាមួយអ្នកនាំចូលរថយន្តដែលមិនទទួលបានសិទ្ធិនាំចូលរថយន្តម៉ូដែលចុងក្រោយមកចែកចាយលក់ដូចទៅនឹងក្រុមហ៊ុនដែរ គ្រាន់តែរថយន្តទាំងនោះត្រូវបាននាំចូលជារថយន្តប្រើរួចអោយស្របទៅនឹងច្បាប់ ហើយរថយន្តប្រើរួចទាំងនោះ នឹងមិនស្ថិតនៅក្រោមលក្ខខណ្ឌ និងវិសាលភាពនៃសិទ្ធិផ្តាច់មុខឡើយ។
បើតាមការស្រាយបំភ្លឺរបស់សហព័ន្ធយានយន្ដកម្ពុជា ទោះបីវិស័យយានយន្តនៅកម្ពុជា មានកំណើនល្អប្រសើរយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ពាក់ព័ន្ធនឹងសិទ្ធិផ្តាច់មុខ និងការប្រកួតប្រជែងជាមួយភាគីអ្នកនាំចូលរថយន្តដែលពុំទទួលបានសិទ្ធិ ដែលអាចនាំចូលរថយន្តម៉ូដែលចុងក្រោយមកចែកចាយលក់ក្នុងប្រទេសកម្ពុជា។
សហព័ន្ធបានលើកឡើងថា ករណីក្រុមហ៊ុនស្តារអូតូ ខេមបូឌា ដែលទទួលបានសិទ្ធិចែកចាយរថយន្ត Mercedes Benz ក្នុងប្រទេសកម្ពុជាដែលបានប្រកាសបញ្ឈប់ការនាំចូល និងចែកចាយរថយន្តក្នុងប្រទេសកម្ពុជានៅចុងខែកុម្ភៈនេះ គឺដោយសារក្រុមហ៊ុនពុំអាចមានលទ្ធភាពប្រកួតប្រជែងជាមួយអ្នកនាំចូលរថយន្តដែលមិនទទួលបានសិទ្ធិនាំចូលរថយន្តម៉ូដែលចុងក្រោយមកចែកចាយលក់ ដូចទៅនឹងក្រុមហ៊ុនដែរ គ្រាន់តែរថយន្តទាំងនោះត្រូវបាននាំចូលជារថយន្តប្រើរួចអោយស្របទៅនឹងច្បាប់ ហើយរថយន្តប្រើរួចទាំងនោះ នឹងមិនស្ថិតនៅក្រោមលក្ខខណ្ឌ និងវិសាលភាពនៃសិទ្ធិផ្តាច់មុខឡើយ។
សហព័ន្ធបញ្ជាក់ថា នេះមិនមែនជាករណីទីមួយនោះទេ គឺមានក្រុមហ៊ុនមួយផ្សេងទៀត ដែលបានប្រកាសបិទទ្វារ និងចាកចេញពីប្រទេសកម្ពុជាគឺក្រុមហ៊ុន អូតូម៉ូធី អេស៊ា អិលធីឌី ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយរថយន្តម៉ាកAUDI បានសម្រេចបិទទ្វារ និងប្តូរទីតាំងទៅកាន់ទីក្រុងហូជីមិញជំនួសវិញនៅចុងឆ្នាំ២០២២ ដោយសារពុំអាចប្រកួតប្រជែងលើទីផ្សារ និងបន្តដំណើរការដោយពុំទទួលបានប្រាក់ចំណេញសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
សម្រាប់ការប្រកួតប្រជែងលើទីផ្សាររវាងក្រុមហ៊ុនដែលទទួលបានសិទ្ធិ និងអ្នកមិនទទួលបានសិទ្ធិ គឺបានប៉ះពាល់ខ្លាំងចំពោះក្រុមហ៊ុននាំចូលស៊េរីទំនើប ដោយឡែកក្រុមហ៊ុនរថយន្តធម្មតាគឺប៉ះពាល់តិចតួចប៉ុណ្ណោះ។ រថយន្តធម្មតា ភាគច្រើននាំចូលពីបណ្ដាប្រទេសផលិតក្នុងអាស៊ាន ដែលទទួលបានការបន្ធូរបន្ថយពន្ធតាមរយៈកិច្ចព្រមព្រៀងសេរី ធ្វើឱ្យតំលៃរថយន្តទាំងនោះនៅលើទីផ្សារមានតំលៃទាប ហើយអ្នកដែលមិនទទួលបានសិទ្ធិពុំអាចនាំចូលរថយន្តធម្មតាមកប្រកួតប្រជែងបាន ហើយបែរទៅរករថយន្តស៊េរីទើបជំនួសវិញដែលរថយន្តទាំងនោះ ភាគច្រើននាំចូលពីប្រទេសពុំមានកិច្ចព្រមព្រៀជាមួយកម្ពុជា និងមានតំលៃថ្លហើយអាចផ្ដល់ផលចំណេញច្រើនជាង។
ក្រៅពីក្រុមហ៊ុនទាំងពីរនេះ ក្រុមហ៊ុនរថយន្តស៊េរីទំនើបដទៃទៀត ក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមដូចគ្នា ហើយមួយចំនួនកំពុងប្រតិបត្តិការដោយពុំទទួលបានប្រាក់ចំណេញសម្រាប់រួសរានបន្តទៀត និងមួយចំនួនកំពុងប្រតិបត្តិការដោយមិនទទួលប្រាក់ចំណេញសម្រាប់រស់រានបន្តទៀត និងមួយចំនួនកំពុងពិចារណាចាកចេញពីកម្ពូជាផងដែរ។ នេះបើតាមការអះអាងរបស់សហព័ន្ធ។
ក្នុងនាមសហព័ន្ធ ដែលជាតំណាងក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយក្នុងប្រទេសកម្ពុជាក៏បាន ស្វែងរកដំណោះស្រាយជាមួយក្រសួងសាមីសមាជិក ក៏ប៉ុន្តែពុំទាន់មានដំណោះស្រាយសមស្របណាមួយជូនដល់សមាជិករបស់សហព័ន្ធដែលកំពុងជួបប្រទះនឹងបញ្ហា ដែលនឹងអាចឈានទៅដល់ការបិទក្រុមហ៊ុនជាបន្តបន្ទាប់នាពេលខាងមុខ៕