
ក្រចេះ៖ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះជាង ៩៨គ.ម នៅថ្ងៃទី ៤ មេសានេះ ត្រូវបានប្រកាសបើកការដ្ឋាន គ្រោងចំណាយពេល១៨ខែ និង ថវិកាប្រមាណ៤០លានដុល្លារ រំពឹងថានឹងចូលរួមលើកកម្ពស់ការតភ្ជាប់ប្រទាក់ក្រឡា ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗ ឆ្ពោះទៅរាជធានី និង តំបន់ព្រំដែន។
ក្នុងគម្រោងមានប្រវែងសរុប៩៨,៤គីឡូម៉ែត្រ ដែលក្នុងនោះរួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង ១០-១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន)។
ចំណែកឯ ផ្លូវខេត្តលេខ៣៧៧ និង ៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តទាំង ២ខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ - ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧)។
យោងតាមក្រសួងសាធារណការ ការលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំង៣ខ្សែនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើងនៅរៀងរាល់រដូវវស្សា។ កំណាត់ផ្លូវទាំង៣ខ្សែនេះ ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិសំខាន់ផ្សេងៗ ឆ្ពោះទៅកាន់រាជធានី និងខេត្តភាគឦសាន និងទៅកាន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច និងតំបន់ព្រំដែនរបស់កម្ពុជាយើង។ បើពិនិត្យទៅលើក្របខ័ណ្ឌនៃការតភ្ជាប់ប្រទាក់ក្រឡាវិញ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្តក្រចេះ(ពីរង្វង់មូលព្រាបស) ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៧៣ ត្រូវសាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture ដោយឡែកផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd គ្រោងចំណាយរយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៦០ខែដូចគ្នា និងចំណាយថវិកាសាងសង់សរុបប្រមាណ៤០លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ក្នុងនោះរួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ៕