Yearendyearend1140x150

កម្ពុជារកចំណូលបានជិត៥ពាន់លានដុល្លារពីការនាំចេញផលិតកម្មកសិកម្មក្នុងឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជាបាននាំចេញជាផ្លូវការនូវផលិតផលកសិកម្មសរុបប្រមាណ ៨,៦លានតោន ទៅកាន់ទិសដៅ ៧៤ប្រទេស កើនជាង ៧,៨% ធៀបឆ្នាំ២០២១ ក្នុងនោះការនាំចេញអង្ករកើន ៣,២៣% និងកសិផលក្រៅពីស្រូវអង្ករកើន ១១,៦% ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង ៤ ៩១០លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២២ ផលិតកម្មដំណាំដែលកម្ពុជាសម្រេចបានមានចំនួន ៣៤,៧១លានតោន ក្នុងនោះ ផលិតកម្មដំណាំស្រូវបានចំនួន ១១,៦២លានតោន ផលិតកម្មដំណាំសាកវប្បកម្មចំនួន ៤,៤២លានតោន និងផលិតកម្មដំណាំឧស្សាហកម្មចំនួន ១៨,៦៧លានតោន។

របាយការណ៍ពន្យល់ថា ការងារបង្កបង្កើនផលក្នុងឆ្នាំ២០២២ បានជួបនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ពិសេសគ្រោះរាំងស្ងួត និងទឹកជំនន់ ដែលបានធ្វើឱ្យខូចខាតផលដំណាំរបស់ប្រជាកសិករតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានបញ្ចេញគ្រាប់ពូជស្រូវចំនួន ៦ ៧១២,២៥តោន តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីចែកជូនប្រជាជនរងគ្រោះ និងអន្តរាគមន៍ស្ដារឡើងវិញបានចំនួន ៧៥ ៦៦៩ហិកតា។

សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ បង្កើនការនាំចេញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង