Yearendyearend1140x150

កម្ពុជា-ម៉ាឡេស៊ី ឯកភាពបន្តធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពង្រឹងលើគ្រប់វិស័យ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា-ម៉ាឡេស៊ី បានឯកភាពគ្នាបន្តធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ជាពិសេសប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ រួមទាំងវិស័យពាណិជ្ជកម្មនិងវិនិយោគទេសចរណ៍ កសិកម្ម ការអភិវឌ្ឍធនធានមនុស្ស ថាមពលនិងការតភ្ជាប់ ការងារ ព្រមទាំងសន្តិសុខនិងការពារជាតិ។ ការឯកភាពនេះត្រូវបានធ្វើឡើងនាឱកាសទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ហើយជាទស្សនកិច្ចមួយដែលបានតបតាមការអញ្ជើញរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

នាឱកាសនោះកម្ពុជា-វៀតណាម បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក លើគ្រប់វិស័យ រួមទាំងវិស័យពាណិជ្ជកម្មនិងវិនិយោគទេសចរណ៍ កសិកម្ម ការអភិវឌ្ឍធនធានមនុស្ស ថាមពលនិងការតភ្ជាប់ ការងារ ព្រមទាំងសន្តិសុខនិងការពារជាតិ។

ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនក្រសួងការបរទេសនៃប្រទេសទាំងពីររៀបចំឡើងវិញនូវកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះកម្ពុជា-ម៉ាឡេស៊ី ឱ្យបានឆាប់តាមអាចធ្វើបាន ដើម្បីពិនិត្យមើលកិច្ចសហការបច្ចុប្បន្ន ស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មី និងដាក់ចេញនូវវិធានការថ្មីៗ ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូបន្ថែមទៀត។ ចំពោះវិស័យពាណិជ្ជកម្ម និងវិនិយោគ នាយករដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយក្ដីពេញចិត្តចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងទទួលស្គាល់នូវសក្ដានុពលដ៏ធំធេងរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេច ហ៊ន សែន បានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ី ពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យអង្ករ គ្រាប់ស្វាយចន្ទី ទោចក្រយាន និងហាឡាល ដោយពិចារណាលើការអនុគ្រោះជាច្រើន ក្រោមច្បាប់ថ្មីស្តីពីការវិនិយោគ របស់កម្ពុជា។

ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានសន្យាលើកទឹកចិត្តធុរជនម៉ាឡេស៊ី ពិចារណាវិនិយោគលើផលិតផលនានានៅកម្ពុជារួមមានអង្ករ និងគ្រាប់ស្វាយចន្ទី ព្រមទាំងបានឯកភាពផ្តល់ការបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ទាក់ទងនឹងវិស័យហាឡាលដល់កម្ពុជា ដើម្បីបង្កើនការនាំចេញទៅប្រទេសមូស្លីមនានាជាពិសេសតំបន់មជ្ឈិមបូព៌ា។

ចំពោះវិស័យទេសចរណ៍ សម្ដេចក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃជើងហោះហើរត្រង់ និងការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ និងបានស្នើម៉ាឡេស៊ីផ្តល់ជំនួយបច្ចេកទេសក្នុងវិស័យហាឡាល ក្នុងគោលដៅទាក់ទាញនិងទទួលភ្ញៀវទេសចរមូស្លីមមកកម្ពុជា ឱ្យកាន់តែបានច្រើនថែមទៀត។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងពាក់ព័ន្ធនឹងវិស័យកសិកម្ម នាយករដ្ឋមន្ត្រីទាំងពីរបានលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ស្តីពីឧស្សាហកម្មឬស្សី និងវិស័យកសិកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង