Yearendyearend1140x150
Img 0571

កម្ពុជានាំចេញផលិតផលកសិកម្មមានវិញ្ញាបនបត្រសរុបជាង៨លានតោនទៅកាន់៧៤ប្រទេស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចេញផលិតផលកសិកម្មមានវិញ្ញាបនបត្រសរុបចំនួន ៨ ៦១៣ ១៤៤តោន ទៅកាន់ទិសដៅ ៧៤ប្រទេសដោយកើនឡើងចំនួន ៦២៨ ៨៩២តោន ស្មើនឹង ៧,៨៨% ធៀបឆ្នាំ២០២១។ ការនាំចេញកសិផលមានវិញ្ញាបនបតច្រើនជាងគេរួមមាន ស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ អង្ករ គ្រាប់ស្វាយចន្ទី ផ្លែចេកស្រស់ គ្រាប់ពោត និងផ្លែស្វាយស្រស់។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

បើតាមរបាយការណ៍ ការនាំចេញកសិផលមានវិញ្ញាបនបតច្រើនជាងគេ រួមមាន ស្រូវចំនួន ២ ១៩៥ ១០០តោន ចំណិតដំឡូងមីក្រៀមចំនួន ២ ០៦៨ ០៨៦តោន ដំឡូងមីស្រស់ចំនួន ១ ៥៥០ ៤០០តោន អង្ករចំនួន ៦៣៧ ០០៤តោន គ្រាប់ស្វាយចន្ទីនៅចំនួន ៤៧១ ៥២០តោន ផ្លែចេកស្រស់ចំនួន ៣៦៧ ៤១២តោន គ្រាប់ពោតចំនួន ១៧៣ ៩៩៩តោន និងផ្លែស្វាយស្រស់ចំនួន ១៦២ ៤៣០តោន។

ដោយឡែក ការនាំចេញអង្ករសរុបបានចំនួន ៦៣៧ ០០៤តោន ក្នុងនោះទៅប្រទេសចិនច្រើនជាងគេ ចំនួន២៨៨ ៨៣០តោន ស្មើនឹង ៤៥,៣៤% សហភាពអឺរ៉ុប (២៣ប្រទេស) ចំនួន ២០៤ ៣២៣តោន ស្មើនឹង ៣២,០៨%ក្នុងតំបន់អាស៊ាន (៤ប្រទេស៖ ម៉ាឡេស៊ី ប៊្រុយណេ សឹង្ហបុរី និងវៀតណាម) ចំនួន ៦៤ ៧៣៣តោន ស្មើនឹង១០,១៦% និងប្រទេសផ្សេងទៀតចំនួន ៧៩ ១១៨តោន ស្មើនឹង ១២,៤២% នៃការនាំចេញអង្ករសរុប។ ប្រភេទអង្ករនាំចេញរួមមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៤៦១ ៩៦៣តោន អង្ករសគ្រាប់វែងចំនួន ១៥៩ ២៦០តោន និងអង្ករចំហុយគ្រាប់វែងចំនួន ១៥ ៧៨១តោន នាំចេញដោយក្រុមហ៊ុនចំនួន ៦១ ទៅកាន់ ៥៦ប្រទេស។

របាយការណ៍បញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ការចុះបញ្ជីជាចម្ការ/កសិដ្ឋានដំណាំបន្លែ និងដំណាំហូបផ្លែ ស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) សរុបបានចំនួន ៥៨៥ចម្ការ (ដំណាំបន្លែចំនួន ២៧០ ស្វាយចំនួន ១៦៣ មៀនប៉ៃលិនចំនួន ១៣២ ទុរេនចំនួន ១៥ ល្ហុងចំនួន ២ ចេកចំនួន ១ និងស្មើរចំនួន ១) ដោយបានបំពាក់នូវប្រព័ន្ធ QR Code។

ក្រសួងកសិកម្មបានវាយតម្លៃថា វិស័យកសិកម្មកម្ពុជានូវតែរក្សាបាននូវកំណើនក្នុងរង្វង់១% ជាមួយនឹងកំណើននៃតម្លៃបន្ថែមសរុបឡើងដល់២៦ ៩០៥ពាន់លានរៀល ឬស្មើនឹង ៦,៥% ធៀបនឹងឆ្នាំមុន ទោះបីជាវិស័យនេះរងផលប៉ះពាល់ពីគ្រោះអម្មជាតិ និងវិបិត្តសកលក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង