Yearendyearend1140x150

សណ្ឋាគារ ផ្ទះសំណាក់ នៅតំបន់ទេសចរណ៍សំខាន់ៗត្រូវបានកក់ជាបណ្ដើរៗ សម្រាប់ឱកាសចូលឆ្នាំខ្មែរខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅទេសចរណ៍នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជា ខេត្តសៀមរាប តំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តមណ្ឌលគិរីជាដើម បានទទួលការកក់ជាបណ្តើរៗសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ខណៈដែលក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍នានាក៏បានលក់កញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរនាឱកាសពិធីបុណ្យចូលឆ្នាំនេះ ពិសេសកញ្ចប់ទស្សនកិច្ចសម្រាប់អង្គរសង្រ្កាន្តនៅខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់នាពេលខាងមុខនេះ សណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅទេសចរណ៍នៅតាមគោលដៅទេសចរណ៍សំខាន់ៗត្រូវបានកក់ទុកជាបណ្ដើរៗ ហើយមន្ទីរទេសចរណ៍រាជធានី-ខេត្តបាននិងកំពុងខិតខំផ្សព្វផ្សាយសារាចរណែនាំដែលក្រសួងទេសចរណ៍បានដាក់ចេញកាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិសេសការបញ្ជាក់បង្ហាញតម្លៃសេវា និងការប្រើប្រាសអក្សរជាតិលើតារាងតម្លៃជាដើម។

គួរបញ្ជាក់ថា សប្ដាហ៍ទី៤ខែមីនានេះ(ចាប់ពីថ្ងៃទី២០-២៦ ខែមីនា ឆ្នាំ២០២៣) កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងសរុបចំនួន ៣០៤,៩៦៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៥៦,០៩៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៤៨,៨៧០នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តព្រះសីហនុ ៦៩,៤៧៧នាក់, រាជធានីភ្នំពេញ ៣៨,៧៧៣នាក់, ខេត្តសៀមរាប ៣៧,៣៩៤នាក់, ខេត្តបាត់ដំបង ២៥,៩៧៤នាក់, ខេត្តកំពត ២៤,៩២៩នាក់, ខេត្តស្វាយរៀង ១៨,២៤១នាក់, ខេត្តកំពង់ចាម ១៥,៤០២នាក់, និង ខេត្តពោធិ៍សាត់ ១០,៦៩៩នាក់។

ក្រសួងបញ្ជាក់ថា នាសប្តាហ៍កន្លងមក ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តកាលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាថ្ងៃដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ហើយក៏ចំថ្ងៃដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត (សមរាត្រី Equinox) មានចំនួន៨,៧២៦នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន២,២២៦នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង