Yearendyearend1140x150

កម្ពុជា-អូស្ត្រាលី ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍និងការហោះហើរត្រង់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជានិងអូស្ត្រាលីបានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់ជាមួយគ្នា ខណៈស្ថានភាពភ្ញៀវទេសចរអូស្ត្រាលីមកកាន់កម្ពុជាក៏បង្ហាញនូវសញ្ញាល្អប្រសើរឡើងវិញផងដែរបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩មានសភាពធូរស្រាល។ ការឯកភាពនេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងេកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នៅទីស្ដីក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម ថោង ខុន បានស្នើភាគីអូស្ត្រាលីឱ្យបន្តពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំ និងអនុវត្តគម្រោងដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ជាពិសេសេកឧត្តម ក៏បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតជួយជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-អូស្ត្រាលី ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលី និងនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងសិក្សាយ៉ាងច្រើននៅអូស្ត្រលី។

ឆ្លើយតបបនឹងសំណើនេះ លោក Justin Kevin Whyatt បានប្ដេជ្ញាថានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើគ្រប់វិស័យជាមួយភាគីកម្ពុជា ពិសេសវិស័យទេសចរណ៍។ លោក Justin Kevin Whyatt បានទទួលឯកភាពយល់ព្រម និងខិតខំជំរុញឱ្យបានក្នុងអាណត្តិបេសកកម្មរបស់លោកនៅកម្ពុជានេះ ហើយលោកនឹងជំរុញឱ្យមានហោះហើរត្រង់រវាងកម្ពុជា-អូស្ត្រាលី។

គួរជម្រាបថា កន្លងទៅ និងពេលបច្ចុប្បន្ន អ្នកដំណើរដែលចង់ធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី គឺត្រូវប្ដូរជើងហោះហើរជាមួយសិង្ហបុរី ឬឥណ្ឌូនេស៊ី ឬក៏ទៅដល់ហុងកុងក៏មាន។ តាមរយៈសំណើ និងកិច្ចសហប្រតិបត្តិការទាំងនេះ ភាគីកម្ពុជានិងអូស្ត្រាលីរំពឹងទុកថានឹងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បានមួយកម្រិតទៀត ព្រមទាំងទាក់ទាញកំណើនភ្ញៀវទេសចរអូស្ត្រាលីឱ្យមកទស្សនាកម្ពុជាបន្ថែមទៀតដែរ ខណៈកាលពីមុនពេលវិបត្តិកូវីដ១៩ កម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរអូស្ត្រាលីប្រមាណជាង១០ម៉ឺននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង