Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

កញ្ញា ពេជ្រភារី ស្ម័គ្រចិត្តនៅក្នុងគម្រោងអនាគតបៃតងដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថាន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
កញ្ញា ណាន់ ពេជ្រភារី និងសមាជិកក្រុម 

ភ្នំពេញ៖ កញ្ញា ណាន់ ពេជ្រភារី ជាយុវជនស្ម័គ្រចិត្តម្នាក់នៅក្នុងចំណោមយុវជនស្ម័គ្រចិត្តដ៏ទៃទៀតនៅក្នុងគម្រោងអនាគតបៃតងរបស់ USAID។ ភារី បានការស្ម័គ្រចិត្តចាប់ផ្ដើមតាំងពីឆ្នាំ២០២១មកម្លេះ ក្នុងការជួយផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងអំពីបញ្ហាបរិស្ថានទៅយុវជនដ៏ទៃទៀត និងសាធារណៈជន ដើម្បីធ្វើជាអ្នកផ្សព្វផ្សាយបន្ដទៅកាន់ក្រុមគ្រួសារ និងមិត្តភក្ដិរបស់ពួកគេ ដោយប្រើប្រាស់ចំណេះដឹងនិងជំនាញរបស់ពួកគេ ដែលយូរៗទៅនឹងធ្វើឱ្យមានការផ្លាស់ប្ដូរឥរិយាបទសង្គម។

យុវតី ភារី បានប្រាប់ស៊ីស៊ីថាមស៍ថា ការស្ម័គ្រចិត្តនៅគម្រោងអនាគតបៃតងនេះ ដោយសារតែខ្លួនមានចំណាប់អារម្មណ៍ទៅលើបញ្ហាបរិស្ថាន និងចង់រៀនសូត្របន្ថែមពាក់ព័ន្ធបញ្ហាបរិស្ថាន ថាតើមានបញ្ហាអ្វីខ្លះដែលបានកើតឡើង និងក្នុងនាមជាយុវជនមិនគួររៀនសូត្រពីបញ្ហាបរិស្ថានឲ្យតែបានដឹងនោះទេ ប៉ុន្ដែគួរតែចូលរួមដោះស្រាយបញ្ហាបរិស្ថាននេះដែរ។ បន្ថែមពីនេះទៀត អ្នកស្ម័គ្រចិត្តនៅក្នុងគម្រោងនេះជាយុវជន ដែលអាចធ្វើឲ្យភារីរៀនសូត្របន្ថែមទៀតពីយុវជនដ៏ទៃ និងអាចបង្កើតទំនាក់ទំនងបន្ថែមទៀត។

កញ្ញា ណាន់ ពេជ្រភារី និងសមាជិកក្រុម 

យុវតីមកពីខេត្តកំពង់ធំរូបនេះ បានបន្ដថា ខ្លួនបានចាប់ផ្ដើមធ្វើការស្ម័គ្រចិត្តនៅក្នុងគម្រោងនេះតាំងពីឆ្នាំ២០២១មកម្លេះ។ នៅក្នុងគម្រោងអនាគតបៃតង យុវជនបាននឹងកំពុងធ្វើការទៅលើបីប្រធានបទ មានប្រធានបទការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារឹមដែលធ្វើពីឈើប្រណិត ការកាត់បន្ថយការហូបនិងទិញសាច់សត្វព្រៃ និងប្រធានបទការទុកដាក់សម្រាមអោយបានត្រឹមត្រូវ។

កញ្ញា ភារី បានបន្ដទៀតថា ប្រធានបទការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារឹមដែលធ្វើពីឈើប្រណិត មានការចុះទៅកាន់ខេត្តកំពង់ធំ ដោយមានការធ្វើសិក្ខាសាលាសម្រាប់សិស្សថ្នាក់វិទ្យាល័យមានចំនួនជាង៣០នាក់។ នៅក្នុងសិក្ខាសាលានេះដែរ មានការចែករំលែកចំណេះដឹងពាក់ព័ន្ធប្រធានបទការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារឹមដែលធ្វើពីឈើប្រណិត និងផ្ដល់ជាសំណួរដល់សិស្សដែលបានចូលរួម ក្នុងការផ្សព្វផ្សាយបន្ថែមទៅកាន់មិត្តភក្ដិ និងក្រុមគ្រួសាររបស់ពួកគេ។

សកម្មភាពនៅក្នុងសិក្ខាសាលា

ទន្ទឹមនិងនោះ សម្រាប់ប្រធានបទការកាត់បន្ថយការហូបនិងទិញសាច់សត្វព្រៃ ក្រុមរបស់ភារីដែលមានសមាជិក៧នាក់ បានរៀបចំឱ្យមានកិច្ចពិភាក្សាជាមួយនិស្សិតនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលាប ក្នុងការរកដំណោះស្រាយជុំវិញបញ្ហាការហូបនិងទិញសាច់សត្វព្រៃ។ សម្រាប់ប្រធានទី៣ ការទុកដាក់សម្រាមអោយបានត្រឹមត្រូវ សមាជិកក្រុមកំពុងតែធ្វើការពិភាក្សាថាតើនឹងរៀបចំឱ្យមានសកម្មភាពអ្វីខ្លះសម្រាប់ប្រធានចុងក្រោយ នៅក្នុងគម្រោងអានាគតបៃតងនេះ។

យុវតីវ័យ២១ឆ្នាំរូបនេះ បានឱ្យដឹងថា អ្វីដែលកំពុងតែធ្វើនៅពេលបច្ចុប្បន្ន វាមិអាចទទួលបានលទ្ធផលភ្លាមៗនោះទេ ព្រោះវាត្រូវការចំណាយពេលច្រើន ក្នុងការកែប្រែឥរិយាបថសង្គម។ បន្ថែមពីនេះទៀត គម្រោងនេះផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយបន្ថែម ដើម្បឲ្យយុវជនបានយល់ដឹងបន្ថែម និងប្រើប្រាស់ចំណេះដឹងនិងជំនាញរបស់ពួកគេក្នុងការផ្សព្វផ្សាយទៅកាន់គ្រួសារ និងមិត្តភក្ដិ ដែលយូរៗទៅ សង្គមយើងនឹងដឹងពីបញ្ហាទាំងអស់នេះកាន់តែច្រើន ដែលអាចអាចនាំឲ្យពួកគេមានការផ្លាស់ប្ដូរឥរិយាបទ។

កញ្ញា ភារី បានឱ្យដឹងទៀតថា ចំណុចដែលអាចដោះស្រាយបញ្ហាទាំងនេះបាន មិនមែនប្រាប់គេហើយមិនអនុវត្តខ្លួនឯងនោះទេ ប៉ុន្ដែការអនុវត្តប្រធានបទទាំងបីនៅក្នុងគម្រោងអនាគតបៃតង គឺត្រូវចាប់ផ្ដើមពីក្រុមយុវជននៅក្នុងគម្រោងនេះផ្ទាល់ ដោយយុវជនមានការប្ដេជ្ញាចិត្តថានឹងចូលរួមឲ្យអស់ពីកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងលើកទឹកចិត្តឲ្យយុវជនដ៏ទៃដែលក្រុមយុវជនស្ម័គ្រចិត្ត បានទៅជួបអាចធ្វើដូចខ្លួនដែរ។

កញ្ញា ភារី បានបន្ដថា មានយុវជនជាច្រើនកំពុងធ្វើការជាអ្នកស្ម័គ្រចិត្តនៅក្នុងគម្រោងអនាគតបៃតងនេះ ដូច្នេះតាមរយៈការងារស្ម័គ្រចិត្តមួយនេះ ធ្វើឱ្យខ្លួនឯងចេះសម្របខ្លួនធ្វើការជាមួយមនុស្សថ្មី។ ជាពិសេសនោះគឺភាពជាអ្នកដឹកនាំ នៅពេលទៅធ្វើសិក្ខាសាលា ភាពជាអ្នកដឹកនាំនឹងមាននៅក្នុងខ្លួន ដែលធ្វើឲ្យយើងដឹងថាក្នុងនាមជាអ្នកដឹកនាំ យើងត្រូវធ្វើអ្វីខ្លះ និងដឹកនាំក្រុមបែបណា ទាំងនេះជាទំនួលខុសត្រូវរបស់ខ្លួននៅក្នុងនាមជាសមាជិក ក៏ដូចជាមេក្រុមនៅក្នុងគម្រោង។

គួរបញ្ជាក់ថា កញ្ញា ណាន់ ពេជ្រភារី មានអាយុ២១ និងមានទីកន្លែងកំណើតនៅក្នុងខេត្តកំពង់ធំ។ បច្ចុប្បន្ន យុវតីរូបនេះជានិស្សិតឆ្នាំទី៤ កំពុងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

សមាជិកក្រុមរបស់ កញ្ញា ណាន់ ពេជ្រភារី 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង