ភ្នំពេញ៖ កញ្ញា វ៉ាន់និត បានចាប់ផ្តើមរៀនពីការរចនាម៉ូតសម្លៀកបំពាក់បន្ថែមពីលើជំនាញដែលសិក្សានៅសាកលវិទ្យាល័យតាំងពីឆ្នាំ២០១៨ រហូតបានអភិវឌ្ឍសមត្ថភាពអាចរចនាម៉ូតសម្លៀកបំពាក់ដល់ឆាកអន្តរជាតិបង្ហាញពីវប្បធម៌ខ្មែរ។ កញ្ញា នៅតែបន្តឆន្ទៈក្នុងការលើកស្ទួយវិស័យរចនាម៉ូត និងសម្លៀកបំពាក់ប្រពៃណី ដោយជម្រុញឱ្យមហាជនឱ្យតម្លៃទៅលើការងារមួយនេះ។
កញ្ញា ដា វ៉ាន់នីត បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កាលពីឆ្នាំ ២០២១ ជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៍។ កំឡុងពេលឆ្នាំ២០១៨ កញ្ញាចាប់ផ្តើមមានបញ្ហាសុខភាពដែលពិបាកនៅក្នុងការធ្វើដំណើរដែលធ្វើឱ្យកញ្ញាមិនសូវបានផ្តោតលើការសិក្សាដិតដល់ ហើយក៏ជាពេលដែលកញ្ញាកំពុងតែរៀនសូត្រពីជំនាញរចនាម៉ូត និងកាត់ដេរនៅពិសម័យ ដែលជាហាងកាត់ដេរសម្លៀកបំពាក់ដែលបើកបង្រៀនដោយមីងរបស់កញ្ញាផ្ទាល់។
បញ្ហាសុខភាពរបស់វ៉ាន់និតនៅតែមិនធូរស្បើយ ធ្វើឱ្យកញ្ញាមិនមានអារម្មណ៍ក្នុងការផ្តោតលើអ្វីទាំងអស់ ព្រោះគ្រូពេទ្យបានប្រាប់ថាកញ្ញាមិនអាចធ្វើដំណើរចេញក្រៅធ្វើការដោយការឈរ ឬ អង្គុយយូរបានឡើយ ដូចនេះ កញ្ញាកាន់តែមានអារម្មណ៍មិនស្ងប់ដែលគិតថាមិនអាចចេញធ្វើការនៅខាងក្រៅដូចអ្នកដទៃ។
កញ្ញាបានរាយការណ៍បន្តទៀតថា ក្រោយសម្រាកនៅផ្ទះមួយរយៈ កញ្ញាចាប់ផ្តើមមានអារម្មណ៍ប្រសើរឡើងវិញ ដោយគិតថា ទោះជាកញ្ញាមិនបានចេញទៅធ្វើការឆ្ងាយនៅខាងក្រៅក៏ដោយ ក៏កញ្ញាអាចនៅតែបន្តចាប់យកជំនាញរចនាម៉ូត និងដេរសម្លៀកបំពាក់បានដែរព្រោះវាមិនបានប៉ះពាល់ដល់សុខភាពនោះឡើយ។ វ៉ាន់និតចាប់ផ្តើមផ្តោតលើការរៀនជំនាញមួយនេះ រហូតបានដឹងពីរបៀបរបបនៅក្នុងការរចនាម៉ូត និងដេរសម្លៀកបំពាក់រហូតបានការគាំទ្រពីអតិថិជនជាច្រើន ជាពិសេសគឺសំណាក់យុវជន។
ការគាំទ្រទៅលើស្នាដៃដែលកញ្ញារចនា និងដេរ បានជម្រុញទឹកចិត្តឱ្យកញ្ញាមានឆន្ទៈក្នុងការខិតខំបន្តទៀតដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនរហូតអាចច្នៃម៉ូតសម្លៀកបំពាក់សម្រាប់បវរកញ្ញាផងដែរ។
កញ្ញាបានបន្តទៀតថា សម្រាប់ការងារជាអ្នករចនាម៉ូត គឺតម្រូវឱ្យកញ្ញាមានការស្រាវជ្រាវបន្ថែមច្រើន និងលាយផ្សំជាមួយនឹងភាពច្នៃប្រឌិតរបស់ខ្លួន ។ អ្វីដែលកាន់តែពិសេស គឺរចនាតាមចំណង់ចំណូលចិត្តអតិថិជន ឱ្យត្រូវនឹងកម្មវិធីដែលត្រូវស្លៀក ក៏ប៉ុន្តែកញ្ញាប្រកាន់ខ្ជាប់ថា សម្លៀកបំពាក់ដែលកញ្ញារចនា ត្រូវតែស៊ីចង្វាក់នឹងប្រភេទកម្មវិធី ប្រសិនបើសម័យចំជាសម័យ ប្រពៃណីចំជាប្រពៃណី ទើបអាចសមសួននៅពេលស្លៀកពាក់ក្នុងកម្មវិធី។
កញ្ញាបានលើកទឹកចិត្តសម្រាប់យុវជនដែលកំពុងតែស្វែងរកក្តីស្រមៃរបស់ខ្លួនថា ប្រសិនបើស្រលាញ់អ្វីហើយ ត្រូវចាប់ផ្តើមធ្វើវាដោយយកចិត្តទុកដាក់ ហើយចាប់វាឱ្យច្បាស់ កុំរៀនបានតែមួយពេលហើយបោះបង់។ កញ្ញាក៏បានជម្រុញបន្ថែមទៀតថា ការងារជាអ្នករចនាម៉ូត និងដេរសម្លៀកបំពាក់ ជាជំនាញមួយដែលអាចរៀនសូត្របាន ដូចនេះ យុវជនមិនចាំបាច់គិតថាទាល់តែមានជំនាញនេះពីកំណើតមកទើបអាចរៀនបាននោះទេ។
ជាចុងក្រោយ កញ្ញាក៏សូមអំពាវនាវឱ្យមហាជនឱ្យតម្លៃការងារមួយនេះ ព្រោះវាជាការងារសុចរិតដែលបង្ហាញពីភាពច្នៃប្រឌិត៕