
ព្រះសីហនុ៖ កម្ពុជាជាប្រទេសកសិកម្មក្នុងការដាំកៅស៊ូច្រើន ដូចនេះកម្ពុជាស្នើសុំឱ្យរោងចក្រផលិតសំបកកង់ស្រូបទិញជ័រកៅស៊ូក្នុងស្រុក បង្កឱកាសក្នុងការផ្គត់ផ្គង់រោងចក្រ និងជម្រុញជ័រកៅស៊ូរបស់កម្ពុជាមានស្ថេរភាពតម្លៃ ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាកសិករបានមួយកម្រិតថែមទៀតនាពេលខាងមុខ។ នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំជាមួយលោក ចូវ ហៃជាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HODO Group នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។
លោក ចូវ ហៃជាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HODO Group បានឱ្យដឹងថា មុនបើកឱ្យដំណើការរោងចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានធ្វើការវិនិយោគនៅប្រទេសថៃ ១០០លានដុល្លាសហរដ្ឋអាម៉េរិក ដោយឡែកកាវិនិយោគរោងចក្រផលិតសំបកកង់នៅខេត្តព្រះសីហនុ ក្រុមហ៊ុនដាក់ទុនវិនិយោគ ៣០០លានដុល្លាសហរដ្ឋអាម៉េរិក ធំជាងនៅប្រទេសថៃ។
លោកបន្តថា ក្រុមហ៊ុន HODO Group និងខិតខំជម្រុញការអភិវឌ្ឍ និងវិនិយោគនៅខេត្តព្រះសីហនុ ដោយជម្រុញទំនាក់ទំនងពាណិជ្ជកម្មចិន កម្ពុជាកាន់តែមានសន្ទុះកើនឡើងបន្ថែមទៀត ក្រុមហ៊ុនក៏បានធ្វើការផ្សព្វផ្សាយដល់សារព័ត៌មាននៅប្រទេសចិន និងអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅតំបន់នេះបន្ថែមទៀត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការមេប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋ ពិសេសដែលមានជំនាញ បច្ចេកទេសទទួលបានប្រាក់បៀវត្សកាន់តែច្រើន។ កម្ពុជាជាប្រទេសកសិកម្មក្នុងការដាំកៅស៊ូច្រើន ស្នើសុំឱ្យរោងចក្រផលិតសំបកកង់ស្រូបទិញជ័រកៅស៊ូក្នុងស្រុក បង្កឱកាសក្នុងការផ្គត់ផ្គង់រោងចក្រ និងជម្រុញជ័រកៅស៊ូរបស់កម្ពុជាមានស្ថេរភាពតម្លៃ ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាកសិករបានមួយកម្រិតថែមទៀតនាពេលខាងមុខ៕
