ព្រះសីហនុ៖ នាវាដឹកសម្ភារៈរបស់កងទ័ពរំដោះប្រជាជនចិន ចំនួន០១គ្រឿង លេខ៩៩៩ ជាប្រភេទ នាវាពហុមុខងារ Type-០៧១ នៅថ្ងៃទី ១៩ មីនានេះ បានមកដល់កម្ពុជាហើយ ដើម្បីរៀបចំធ្វើសមយុទ្ធរួមគ្នាជាមួយកម្ពុជាដោយមានលក្ខណៈទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ។
លោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការ មូលដ្ឋានសមុទ្រ បានដឹកនាំនាយនាវីជាច្រើនរូបទៅ ទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០១គ្រឿង លេខ៩៩៩ ជាប្រភេទ នាវាពហុមុខងារ Type-071 ដឹកនាំដោយ លោក ទោ ជិន មិនធាន នាយសេនាធិការរង កងទ័ពជេីងគោក ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ដែលចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចការងារ មិត្តភាពនៅកម្ពុជា។
បើតាមគម្រោងសម្ភារៈទាំងអស់គ្រោងនឹងដឹកចេញពីក្រុងព្រះសីហនុ ហើយឆ្ពោះទៅកាន់ទីលានសមយុទ្ធ នៅភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំធ្វើសមយុទ្ធរួមគ្នាជាមួយកម្ពុជាដោយមានលក្ខណៈទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នា ដោយមានលក្ខណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងការពារនូវសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និង របៀបជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានាដែលកើតចេញពីយថាហេតុណាមួយនោះ។កងទ័ពនៃប្រទេសទាំងពីរបានឯកភាពគ្នាធ្វើសមយុទ្ធរួមគ្នា នៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
គិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជានិងចិន បានសមយុទ្ធ«នាគមាស»រួមគ្នាបានចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និង ឆ្នាំ ២០២០ ខណៈឆ្នាំ ២០១៧ កងទ័ពទាំងពីរបានផ្អាកដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និង ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ ២០២១ និង ឆ្នាំ២០២២ដោយសារប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕