Img 1426
Swift cc time

អត្តពលិកហ្វីលីពីន ៩០៥នាក់នឹងចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
ប្រទេសហ្វីលីពីន/ រូបភាពដោយ៖Cambodia 2023

ភ្នំពេញ៖ គណៈកម្មាធិការអូឡាំពិកនៃប្រទេសហ្វីលីពីន កាលពីថ្មីៗនេះ បានប្រកាសជាផ្លូវការនូវចំនួនអត្តពលិក និងមន្ត្រីចំនួន ៩០៥នាក់ ដែលត្រូវបានជ្រើសរើសតំណាងប្រទេសរបស់ខ្លួនសម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។សន្និសិទ្ធនេះ បានប្រារព្ធធ្វើឡើងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ។

លោក Abraham Tolentino បានមានប្រសាសន៍ថា ៖« លោកជឿជាក់ថា អ្នកទាំងនេះគឺជាអត្តពលិកដែលតាំងចិត្តប្រយុទ្ធ។ ពួកគេនឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ទាំងអស់ ទោះបីជាមិនមានសក្ដានុពលក៏ដោយ»។ គណៈកម្មាធិការអូឡាំពិកនៃប្រទេសហ្វីលីពីន បានបញ្ជាក់ពីចំនួនអត្តពលិក និងមន្ត្រីដែលត្រូវបានជ្រើសរើសតំណាងប្រទេសរបស់ខ្លួន សរុបចំនួន ១,២៣៣នាក់ ក្នុងនោះមានអត្តពលិកចំនួន ៩០៥នាក់ និងមន្ត្រីចំនួន ២៥៧នាក់ ដែលនឹងប្រកួតលើកីឡាទាំង៣៦ប្រភេទ ព្រមទាំងកីឡាសម្ដែង ១ប្រភេទផងដែរ។ សម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាសុីហ្គេម លើក ទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ កាលពីឆ្នាំមុន នៅប្រទេសវៀតណាម ហ្វីលីពីនបានបញ្ជូនអត្តពលិកចំនួន ៦៥៦នាក់ ចូលរួមប្រកួតក្នុងកីឡាចំនួន ៣៨ប្រភេទ ដែលប្រទេសនេះបានជាប់នៅចំណាត់ថ្នាក់លេខ៤នៃតារាងមេដាយ ដោយទទួលបានមេដាយសរុប ២២៦គ្រឿង ក្នុងនោះមេដាយមាស ៥២គ្រឿង មេដាយប្រាក់ ៧០គ្រឿង និងមេដាយសំរឹទ្ធ ១០៤គ្រឿង។

សូមបញ្ជាក់ថា គណៈកម្មាធិការអូឡាំពិកហ្វីលីពីនបានកំណត់ពេលវេលានៃការប្រារព្ធពិធីជូនដំណើរប្រតិភូ និងអត្តពលិករបស់ខ្លួន នៅថ្ងៃទី១៥ ខែមេសា នៅមជ្ឈមណ្ឌល សន្និបាតអន្តរជាតិហ្វីលីពីន ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ៕

Khcct banner

អត្ថបទទាក់ទង