ភ្នំពេញ៖ កីឡាប្រដាល់ជនជាតិប្រេស៊ីល Thiago Teixeira មានមោទកភាពដែលបានស្គាល់ពីគុនខ្មែរ ដោយកាលពីថ្មីៗនេះ លោកបានទៅសិក្សាអំពីវប្បធម៌ និងអរិយធម៌ខ្មែរ អំពីកីឡាប្រដាល់គុនខ្មែរនៅតាមជញ្ជាំងប្រាសាទ នៅខេត្តសៀមរាប ។
កីឡាករប្រដាល់អន្តរជាតិលោក Thiago Teixeira មានប្រសាសន៍ថា លោកពិតជាមានមោទកភាពខ្លាំងពុំមានពាក្យថ្លែងឡើយ លោកតែងតែហាត់ក្បាច់គុនមួយនេះរយៈពេល ១៨ឆ្នាំមកហើយ ប៉ុន្តែលោកមិនដែលបានដឹងនោះទេថា ប្រទេសកម្ពុជាគឺជាប្រទេសដែលមានកីឡាប្រដាល់ និងក្បាច់គុនដ៏វិសេសវិសាលតាំងពីរាប់ពាន់ឆ្នាំមុនបែបនេះ។ ហើយលោកមកប្រទេសកម្ពុជា គឺដើម្បីហ្វឹកហាត់គុនខ្មែរក្នុងការត្រៀមខ្លួនទៅប្រកួតនៅប្រទេសអាល្លឺម៉ងខាងមុខ។
លោក Thiago បន្ថែមថាកីឡាករប្រដាល់ជាច្រើននៅលើលោកក៏មិនបានដឹងនោះទេថា កម្ពុជាមានក្បាច់គុនដ៏ល្អឯង និងពិសេសអស្ចារ្យបែបនេះ។ លោកបានប្តេជ្ញាចិត្តថា លោកនឹងព្យាយាមផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់អំពីកីឡាគុនខ្មែរ។
លោកបន្ថែមថា Thiago នឹងត្រលប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០២៣ ដើម្បីមករៀបចំកន្លែងស្នាក់នៅប្រទេសកម្ពុជា។ នៅពេល Thiago ត្រលប់មកពីការប្រកួតនៅប្រទេសអាឡឺម៉ង់វិញ លោកនឹងឲ្យក្រុមការងារទៅទទួលពីព្រលានយន្តហោះភ្នំពេញផងដែរ។
សម្រាប់លោក Thiago លោកមិនស្តាយថវិកានិងពេលវេលាដែលលោកបានចំណាយសម្រាប់ការផ្សព្វផ្សាយគុនខ្មែរឡើយ ព្រោះលោកជឿថាកម្ពុជាមានវប្បធម៌ដ៏ល្អអស្ចារ្យជាទីបំផុតដែលពិភពលោកគួរតែបានដឹង និងសិក្សាបន្ថែមទៀតពីទំនៀមទម្លាប់ប្រពៃណីខ្មែរ៕