
ភ្នំពេញ៖ ជប៉ុនមានទំនុកចិត្តខ្ពស់ក្នុងការទាក់ទាញវិនិយោគិនខ្លួនឱ្យបន្តការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយជាពិសេសនឹងជួយធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារនៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគម្រោងអាស៊ាន/ជប៉ុន និងគម្រោងសុខភាពបន្តពូជសម្រាប់កម្មការិនីក្នុងវិស័យកាត់ដេរ។ នេះជាការបញ្ជាក់របស់ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។
នាជំនួបនោះ ឯកឧត្តម អ៉ិត សំហេង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ដែលជប៉ុនបានជួយកម្ពុជារួមចំណែកក្នុងការកសាង និងថែរក្សាសេ្ថរភាព សន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់នូវកិច្ចសហប្រតិបត្តិការល្អេ រហូតកសាងបាននូវទំនុកចិត្តជាមួយគ្នាជាយូរលង់ណាស់មកហើយ ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារប្រទេសឡើងវិញក្រោយពីកម្ពុជាបានឆ្លងកាត់សម័យកាលដ៏លំបាកមួយ រហូតដល់កម្ពុជាទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ កសាងបាននូវទំនុកចិត្តពីអ្នកវិនិយោគទុនជប៉ុន ហើយកំពុងតែបន្តផ្តល់ភាពទាក់ទាញបន្ថែមទៀត ដល់អ្នកវិនិយោគទុនមកបណ្តាក់ទុននៅកម្ពុជា។
ភាគីទាំងពីរបានសំដែងនូវការពេញចិត្ត នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និតថែមទៀតលើការជួយកែលម្អវគ្គបណ្តុះបណ្តាល ការបំពាក់សម្ភារៈសិក្សាតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: និងការបញ្ចូនអ្នកជំនាញឯកទេសជនជាតិជប៉ុន ក្រោមគម្រោង JICA។
ពាក់ព័ន្ធនឹងកម្មសិក្សាការី និងប្រព័ន្ធបញ្ចូន ភាគីទាំងពីរនឹងបន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា បានទៅបំពេញការងារជាកម្មសិក្សាការី និងជាពលករ ហើយពេលដែលពួកគេត្រឡប់មកម្ពុជាវិញ យកចំណេះដឹង និងជំនាញរបស់ពួកគេមកចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ទាក់ទាញអ្នកវិនិយោគទុនជប៉ុនកាន់តែច្រើនទៀតមកកម្ពុជា។
បន្ថែមពីនេះ ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការលើគម្រោង ២ទៀត គឺទី១ គម្រោងជួយធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារនៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគម្រោងអាស៊ាន/ជប៉ុន និងទី២ គម្រោងសុខភាពបន្តពូជសម្រាប់កម្មការិនីក្នុង វិស័យកាត់ដេរ៕

