Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជានាំចេញផ្លែចេកស្រស់ជាង៨ម៉ឺនតោនក្នុងទឹកប្រាក់ប្រមាណ៥២លានដុល្លារក្នុងរយៈពេល២ខែដើមឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគ កសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព

ភ្នំពេញ៖ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣នេះ(ចាប់ពីខែមករា ដល់ខែកុម្ភៈ) កម្ពុជាបាននាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារចិនបានចំនួន ៨៨,១៤០តោន ក្នុងទឹកប្រាក់ប្រមាណ៥២លានដុល្លារ មានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ កំណើននេះគឺដោយសារតែប្រទេសនាំចូលធំរបស់កម្ពុជាគឺប្រទេសចិន បានបើកដំណើរការប្រទេសឡើងវិញ ហើយជាពិសេសតម្លៃដឹកជញ្ជូនមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ នេះបើតាមការអះអាងរបស់លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគ កសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព មកកាន់ស៊ីស៊ីថាមស៍។

លោកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា ការនាំចេញផ្លែចេកស្រស់ សម្រាប់ឆ្នាំ ២០២៣នេះ មានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ជាក់ស្ដែងសម្រាប់ខែមករា ការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិនមានចំនួន ២៨,៩៤១តោន ចំណែកខែកុម្ភៈមានចំនួន ៥៩,១៩៩តោន ដែលចំនួននេះឃើញថា មានកំណើនបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

លោកឧកញ៉ាបញ្ជាក់ថា ផ្លែចេកស្រស់ទាំងនោះត្រូវបាននាំចេញតាមទូកុងទឺន័រត្រជាក់ ហើយក្នុងមួយតោនគឺមានតម្លៃចាប់ពី៥៥០ដុល្លារដល់៦០០ដុល្លារ តម្លៃគឺស្ថិតទៅតាមប្រភេទគុណភាពផ្លែចេក ចំណែកតម្លៃដឹកជញ្ជូនក៏មានការធ្លាក់ចុះស្ទើតែដូចមុនកូវីដ-១៩ទៅហើយ។

លោកឧកញ៉ាបន្ថែមថា ការថយចុះនៃការនាំចេញផ្លែចេកស្រស់ក្នុងឆ្នាំ ២០២២ គឺដោយសារតែការបិទខ្ទប់ របស់ប្រទេសចិន និងបញ្ហាដឹកជញ្ជូន ខណៈចិនជាទីផ្សារដ៏ធំរបស់កម្ពុជា។ ទោះយ៉ាងណា ការនាំចេញចេកនៅតែអាចដំណើរការបានជាធម្មតា និងបានចាប់ផ្តើមស្ទុះងើបឡើងវិញក្នុងឆ្នាំ ២០២៣ ព្រោះប្រទេសនាំចូលក៏បានបើកដំណើរការឡើងវិញជាធម្មតា។

គួរបញ្ជាក់ថា កម្ពុជាបាននាំចេញចេកស្រស់ ចំនួន ៣៦៧ ៤០០ តោន នៅក្នុងឆ្នាំ ២០២២ មានការថយចុះ ១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ក្នុងនោះនាំចេញទៅប្រទេសចិនប្រមាណ ៣៣០ ០០០ តោន វៀតណាមជាង ៣៦ ០០០ តោន និងជប៉ុនជាង ២ ៨០០ តោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង