ភ្នំពេញ៖ លោក James Holgate ជាអត្តពលិកជនជាតិអូស្ត្រាលី នៅពាក់កណ្តាលខែមីនានេះ លោកនឹងរត់ម៉ារ៉ាតុងនៅអង់តាកទិក ហើយគោលបំណងធំនៃការរត់នេះគឺរៃអង្កាសថវិកាចំនួន ១៥,០០០ ដុល្លារអាម៉េរិកជួយគាំទ្រដល់ការងាររបស់អង្គការផ្កាយសមុទ្រ (ISF) នៅប្រទេសកម្ពុជា ក្នុងការជួយដល់កុមារក្រីក្រឲ្យបានរៀនសូត្រ។
កាលពីប្រាំមួយឆ្នាំមុន អត្តពលិកជនជាតិអូស្ត្រាលី លោក James Holgate បានសម្រេចចិត្តថានឹងជំនះឧបសគ្គថ្មី មួយក្នុងជីវិតដោយរត់ម៉ារ៉ាតុងគ្រប់ទ្វីបនៅលើពិភពលោក ។ ពេលនេះ លោក James ជិតសម្រេចគោលដៅក្នុងការរត់ចម្ងាយ ២៦.២ ម៉ាយ ស្មើនិង៤២.២ គីឡូម៉ែត្រ លើទ្វីបនីមួយៗ ។ នៅពាក់កណ្តាលខែមីនានេះ ទ្វីបចុងក្រោយដែលលោកនឹងរត់ម៉ារ៉ាតុងគឺនៅអង់តាកទិក ហើយគោលបំណងធំនៃការរត់នេះគឺរៃអង្កាសថវិកាចំនួន ១៥,០០០ ដុល្លារអាម៉េរិកជួយគាំទ្រដល់ការងាររបស់អង្គ ការផ្កាយសមុទ្រ (ISF) នៅប្រទេសកម្ពុជា ។
អត្តពលិកផ្នែករត់ ដែលសព្វថ្ងៃកំពុងរស់នៅទីក្រុងហុងកុងរូបនេះ បានសំដែងពីចំណាប់អារម្មណ៍ ផ្ទាល់ខ្លួន ថា អង្គការផ្កាយសមុទ្រ (ISF) គឺជាមូលនិធិមួយ ដែលបានជួយផ្លាស់ប្តូរជីវិតកុមារ និងសហគមន៍ក្រីក្រជាច្រើននៅកម្ពុជា ។ មិនត្រឹមតែប៉ុណ្ណោះ អង្គការនេះត្រូវបានគេទទួលស្គាល់ជា អន្តរជាតិ ហើយលោកជឿជាក់ថាការគាំទ្រនេះក៏នឹងរួមចំណែកជាមួយអង្គការផ្កាយសមុទ្រក្នុងការជួយ កុមារ និងយុវជនក្រីក្រកម្ពុជាកាន់តែច្រើនផងដែរ ។
លោក James បានបន្ដថា លោកមិនធ្លាប់រត់ក្នុងអាកាសធាតុត្រជាក់ខ្លាំងបែបនេះទេ ហើយរឿងនេះនឹងជាបទពិសោធន៍ជីវិតដ៏ធំបំផុតសម្រាប់លោក។ គោលដៅរបស់លោកក្នុងការរត់ម៉ារ៉ាតុងនេះគឺចង់ជំនះខ្លួនឯងធ្វើរឿងលំបាកៗ ដែលមិនធ្លាប់ធ្វើ ។ ជាពិសេសនោះ លោកចង់នាំយកឱកាសល្អៗដល់កុមារក្រីក្រឲ្យបានរៀនសូត្រ និងកសាងជីវិតល្អប្រសើរ តាមរយៈការគាំទ្របេសកកម្មរបស់អង្គការផ្កាយសមុទ្រ៕