
វៀងចន្ទន៍៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត ព្រោះរថភ្លើងល្បឿនលឿននេះរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ហើយបាននាំអ្នកដំណើរឡាវ ថៃជាច្រើនជិះទៅលេងប្រទេសចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ ជាពិសេសថ្លៃសំបុត្រថោក ហើយសុវត្ថិភាព។ នេះជាការលើកឡើងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសបំពេញទស្សនកិច្ចនៅប្រទេសឡាវនាថ្ងៃទី១៣មីនានេះ។
ឯកឧត្តមបានថ្លែងថា រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន) មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនែលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។ តាមរយៈរថភ្លើងនេះ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ ជាពិសេសថ្លៃសំបុត្រថោកហើយសុវត្ថិភាព។
ក្រៅពីនេះ ភាគីកម្ពុជា-ឡាវ ក៏បានជំរុញឲ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុណកំណើនទេសចរទៅវិញទៅមកផងដែរ។
គួរជម្រាបថា ក្នុងខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ថោង ខុន បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ហើយនាឱកាសនោះ ឯកឧត្ដមបានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍៕

