Yearendyearend1140x150

រោងចក្រផលិតស្បែកជើងមួយរបស់ចិនរើទីតាំងផលិតពីមីយ៉ាន់ម៉ាមកផលិតនៅកម្ពុជាវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥឡូវនេះបានសម្រេចចិត្តផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងករងារនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

បើតាមសចក្ដីប្រកាស លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់ទៅកាន់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា លោកមានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តម អ៊ិត សំហេង បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុនដែលមានទំនុកចិត្តមកលើកម្ពុជា ហើយកម្ពុជាក៏សូមស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគនៅទីនេះ។ ដោយក្នុងនោះ កម្ពុជាមានទីផ្សារនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។

នាឱកាសនោះ លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុន ជូនដល់រដ្ឋមន្ត្រីក្រសួងការងារថា ដោយក្រុមហ៊ុនត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន៧០ម៉ឺនគូរក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាម៉េរិក។

ជាចុងក្រោយ ឯកឧត្ត អ៊ិត សំហេង ក៏បានស្នើដល់ក្រុមហ៊ុនចូលរួមគោរពច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធវិស័យការងារ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង